ពលរដ្ឋ​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បន្ត​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ចិន​រំលោភ​យក​ដីធ្លី​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ចំណុច​ចំណោត​រាមភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ជាច្រើន​គ្រួសារ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី​សម្រាប់​ប្រកប​របរ​កសិកម្ម​ក្រោយពេល​ក្រុមហ៊ុន​ចិន​ធ្វើ​របង​បំពាន​លើដី​ធ្លី​ពួកគាត់​ដែល​កាន់កាប់​តកូនតចៅ​រាប់​តំណ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ចិន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ក្នុង​តំបន់​នេះ​បាន​បំពាន​ធ្វើ​របង​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិន​ចាត់វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នោះទេ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ដីធ្លី​ដែល​ពួកគាត់​គ្រប់គ្រង​និង​ប្រកប​របរ​កសិកម្ម​រាប់​ឆ្នាំ​មកហើយ​នោះ ត្រូវ​ក្រុមហ៊ុន​ចិន​ទន្ទ្រាន​កាន់កាប់​យ៉ាង​គឃ្លើន​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា​ពួកគាត់​បាន​ឲ្យ​ដឹងថា​ពួកគាត់​ធ្លាប់​ដាក់​ពា្យ​បណ្ដឹង​ទៅ​សាលាដំបូង​ខេត្ត សាលាខេត្ត​ព្រះសីហនុ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​គ្មាន​ដំណោះស្រាយ​ណាមួយ​សមស្រប​នៅឡើយ​ទេ ហើយ​ក្រុមហ៊ុន​ចិន​កំពុង​បំពាន​ធ្វើ​របង​ព័ទ្ធ​យក​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​កាន់កាប់​ជា​យូរ​ឆ្នាំ​មកហើយ គឺ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី​ចៀស​មិន​ផុត​ឡើយ​។ ការសុំ​អន្តរាគមន៍​របស់​ពល​រដ្ឋ​រងគ្រោះ​នាពេល​កន្លងមក​មិនបាន​ទទួលលទ្ធផល​អ្វី​ទាំងអស់ ព្រោះ​ក្រុមហ៊ុន​ចិន​នៅតែ​បំពាន​មកលើ​ដីធ្លី​ពួកគាត់​យ៉ាង​គឃ្លើន ព្រោះ​មាន​មន្ត្រី​អាជ្ញាធរ​មួយចំនួន​គឺជា​អ្នកបម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​។

​តំណាង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ភូមិ​ពូ​ធឿ​ង បាន​ឲ្យ​ដឹងថា ពួកគាត់​រស់នៅ​និង​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​នេះ​ច្រើន​ឆ្នាំ​មកហើយ​ដោយមាន​ការទទួល​ស្គាល់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​ចិន​ទទួលបាន​សិទ្ធិ​វិនិយោគ​ដីធ្លី​ក្នុង​តំបន់​នេះ គេ​មិន​អនុវត្តន៍​តាម​រូបមន្ត​ស្បែក​ខ្លា​របស់​រដ្ឋាភិបាល​ឡើយ​។ មានការ​រិះគន់​ចំៗ​ថា​នៅពេល​អ្នកមាន​លុយ អ្នកមានអំណាច ប្ដឹងទៅ​តុលាកា​ពី​រឿង​ជម្លោះដីធ្លី​គឺ​តុលាការ​ចាត់វិធានការ​ដោះស្រាយ​យ៉ាង​តក់ក្រហល់ ប៉ុន្តែ​នៅពេល​ពលរដ្ឋ​ប្ដឹងទៅ​តុលាការ​រឿង​ក្រុមហ៊ុន​បំពាន​លើដី​ធ្លី បែរជា​មន្ត្រី​តុលាការ​មាន​ភាពយឺតយ៉ាវ​ហើយ​មិន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទេ​។ ជាក់ស្ដែង​មកដល់ពេលនេះ​ក្រុមហ៊ុន​ចិន​កំពុង​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ចំណោត​រាម ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ យ៉ាង​គឃ្លើន​ដដែល​ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិនទាន់​ចាត់វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រកបដោយ​តម្លាភាព​នៅឡើយ​ទេ​៕

23635225_385555908532042_137380629_nលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
23635257_385555931865373_1699450715_n