មេ​ឈ្មួញ សឹង សំអុល សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មេ​ឈ្មួញ សឹង សំអុល បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ បើតាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ឆ្លងកាត់​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ហើយ​នាំ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ត្រី​អាវុធហត្ថ​ជាដើម​មិន​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ សឹង សំអុល នោះទេ​។

មន្ត្រី​អាជ្ញាធរ​នៅ​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ សឹង សំអុល បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល គឺ​ដោយសារ​តែមួយ​រយៈពេល​ចុង​ក្រោយនេះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បន្ធូរដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ហេតុនេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល អាច​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល ស្រុក​មេមត់ យ៉ាង​រលូន​ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​តាម​ច្រកព្រំដែន​ក៏​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​ផងដែរ​។ នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ មាន​ប៉ុស្ដិ៍​ជជុះ​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ជាច្រើន​កន្លែង ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។

ចំណែក​ប្រភពពី​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា មិនមែន​មានតែ​មេ​ឈ្មួញ សឹង សំអុល ម្នាក់​ទេ​ដែល​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល យ៉ាង​គគ្រឹកគគ្រេង​គឺ​ឧកញ៉ា តុ​ប វី​ដា ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​យោធភូមិភាគ​១​ក៏​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល​ដែរ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​មេ​ឈ្មួញ សឹង សំអុល និង​មេ​ឈ្មួញ តុ​ប វី​ដា កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​តំបន់​ដែនជម្រកសត្វព្រៃ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដូចគ្នា​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ឡើងវិញ​ខ្លះ​ផង​ព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​សេចក្ដីរាយការណ៍​ថា​មេ​ឈ្មួញ សឹង សំអុល និង​ឧកញ៉ា តុ​ប វី​ដា សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល​យ៉ាង​គគ្រឹកគគ្រេង ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​ឡើយ​៕

23718324_385556338531999_851127918_nមេ​ឈ្មួញ សឹង សំអុល 23635406_385556451865321_2055241367_n 78 79