ឈ្មួញ​ធំៗ​៣​នាក់​សម្រុក​កាប់​ឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​

តាម​ប្រភពពី​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អ​ន្ទ្រ​ង ស្រុក​កោះ​ញែក ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​។ មួយផ្នែក​នៃ​ឈើ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​មួយផ្នែក​ទៀត​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​អាច​កាប់​ឈើ​ដឹក​ចេញពី​តំបន់​អ​ន្ទ្រ​ង​យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​៣​នាក់​ដែល​កំពុង​កាប់​ឈើ​និង​ដឹកឈើ​ចេញពី​តំបន់​អ​ន្ទ្រ​ង ស្រុក​កោះ​ញែក គឺ​ទី​១-​ឈ្មោះ​ឧកញ៉ា អ៊ឹង ប៊ុនជិន ហៅ​ឧកញ៉ា ចិន ទី​២-​ឈ្មួញ​ឈ្មោះ ណាក់ និង​ទី​៣-​ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់​ដែលមាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ សមត្ថកិច្ច​តូចតាច​នៅក្នុង​ស្រុក​កោះ​ញែក បាន​បង្ហើប​ឲ្យ​ដឹងថា​ឧកញ៉ា ចិន និង​ឈ្មួញ​ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​អ​ន្ទ្រ​ង​ដឹកជញ្ជូន​ចូល​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់ បន្ទាប់មក​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នោះ​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នៅក្នុង​ស្រុក​កោះ​ញែក នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​កន្លងទៅនេះ​ឈ្មួញ​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អ​ន្ទ្រ​ង​ចូលទៅ​ទីតាំង​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ឈ្មួញ​ខ្លះ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចូល​ព្រៃ​កាប់​ឈើ​ដឹកជញ្ជូន​យកមក​លក់​ឲ្យ​ពួកគេ​ក្នុងតម្លៃ​ដ៏​ទាប ហើយ​ឈ្មួញ​ទាំងនោះ​អារច្រៀក​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង​ខេត្តរតនគិរី យ៉ាង​រលូន​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​នោះទេ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​តំបន់​អ​ន្ទ្រ​ង ស្រុក​កោះ​ញែក ជាបន្ទាន់​ព្រោះ​ជាង​១​សប្ដាហ៍​ទៅហើយ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល​៕

23666580_385556111865355_660217841_n 23635619_385556075198692_1161545490_n 23666358_385556025198697_1677476938_n 23666743_385555978532035_42284961_n