រឿងអាស្រូវ​ពុករលួយ​របស់លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម ត្រូវបាន​លាតត្រដាង​

​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សង្គមកិច្ច​និង​អតីតយុទ្ធជន យុវនីតិសម្បទា​ខេត្តកំពង់ចាម មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម ជាបន្ទាន់​។ ដោយហេតុថា​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក ទូច ឆៃ និង​បក្ខពួក​មួយចំនួន​តូច​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ទូច ឆៃ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ហើយ​តែង​គំរាមកំហែង​ទៅលើ​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ​លោក ទូច ឆៃ និង​កូនប្រុស​បាន​កេងប្រវ័ញ្ច​ថវិការដ្ឋ​យ៉ាងតិច​៣០០​លាន​រៀល​តាមរយៈ​ការ​កឹ​ប​កេង​ថវិកា​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយសា​គ្រោះធម្មជាតិ គឺ​ចំណាយ​ទៅលើ​អំណោយ​ក៏ដូចជា​ចំណាយ​ផ្សេងៗ​ទៀត​ជាច្រើន​ផ្នែក​។ មន្ត្រី​ទាំងនោះ​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម ក្នុង​មួយឆ្នាំៗ​ទទួលបាន​ថវិកា​ផ្នែក​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ជិត​៤០០​លាន​រៀល​សម្រាប់​ទិញ​អំណោយ​ចែកជូន​ជនរងគ្រោះ​។ ប៉ុន្តែ​ខ្ទង់ចំណាយ​ដ៏​ច្រើន​នោះ​ត្រូវបាន​លោក ទូច ឆៃ និង​កូនប្រុស​បំប៉ោង​តម្លៃ​ទំនិញ​ដោយ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន ក៏ដូចជា​បំប៉ោង​តួលេខ​ឈ្មោះ​អ្នកទទួល​អំណោយ​ដើម្បី​នៅសល់​ថវិកា​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច មិនគួរ​បណ្ដោយ​ឲ្យ​លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។

មន្ត្រី​នៅក្នុង​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ថវិកា​ជិត​៤០០​លាន​រៀល​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ គឺ​លោក ទូច ឆៃ និង​កូនប្រុស​យកទៅ​ទិញ​អំណោយ​និង​សម្ភារៈ​ផ្សេងៗ​ចែកជូន​ជនរងគ្រោះ​អស់​ថវិកា​ប្រមាណ​២០០​លាន​ប៉ុណ្ណោះ​។ ដូច្នេះ​លោក ទូច ឆៃ និង​កូនប្រុស​អាច​កេងប្រវ័ញ្ច​ថវិកា​បាន​យ៉ាងច្រើន​សម្រាប់​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល ហើយក៏​អាចមាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​សង្គមកិច្ច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ផងដែរ​។ ទន្ទឹមនឹងនេះ​ប្រេងឥន្ធនៈ​ឆ្នាំ​២០១៦ ត្រូវ​ចំណាយ​មាន​១៨​លាន​រៀល និង​ឆ្នាំ​២០១៧​ត្រូវ​ចំណាយ​ជាង​២០​លាន​រៀល មិនដឹងថា​លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​និង​កូនប្រុស​ប្រើប្រាស់​ប្រេងឥន្ធនៈ​ទៅលើ​បេសកកម្ម​អ្វីខ្លះ​នោះទេ​។ ហេតុនេះ​លោក វង សូត រដ្ឋមន្ត្រី​សង្គមកិច្ច ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម ព្រមទាំង​បក្ខពួក​នោះឡើយ​៕

1លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
8CBAF397-EFFA-4DC2-AD5B-84B72F33A065_w1023_r1_sលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​