ពលរដ្ឋ​អំពាវនាវ​ឲ្យ​អភិបាលខេត្ត​បាត់ដំបង ពិនិត្យ​មើលផ្លូវ​ស្រុត​ខូច​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​បាត់ដំបង​

ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ពិនិត្យ​មើលផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​បាត់ដំបង ដែល​ស្រុត​ខូច​ធ្វើដំណើរ​ស្ទើរតែ​លែងកើត​ទៅហើយ​។ ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​តា​គាំ​១ និង​ភូមិ​អូរ​តា​គាំ​២ ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា​ផ្លូវ​កៅស៊ូ​ក្នុង​មូលដ្ឋាន​របស់គាត់​រង​ការស្រុត​ខូច​ក្លាយជា​ថ្លុក​ត្រពាំង​កណ្ដាលផ្លូវ ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ជួសជុល​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក ច័ន្ទ សុផល ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ផង ព្រោះ​បច្ចុប្បន្ន​រណ្ដៅ​ធំៗ​នៅ​កណ្ដាលផ្លូវ​មាន​កាន់តែ​ច្រើនឡើងៗ​។

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ផ្លូវ​កៅស៊ូ​ដែល​កំពុង​រង​ការខូចខាត​ខ្លាំង គឺ​នៅ​ក្នុងភូមិ​អូរ​តា​គាំ​១ និង​ភូមិ​អូរ​តា​គាំ​២ ដោយសារ​តែមាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ដី​និង​ដឹកជញ្ជូន​ទំនិញ​បើកបរ​ឆ្លងកាត់​បណ្ដាល​ឲ្យ​ស្រុត​ខូច​ក្លាយជា​ថ្លុក​ត្រពាំង​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​បន្តបន្ទាប់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា នៅពេលដែល​ផ្លូវ​ស្រុត​ខូច​ជា​បន្តបន្ទាប់ មិនឃើញ​ខាង​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង ក៏ដូចជា​ក្រុមហ៊ុន​ទុយ​គី ដែលជា​អ្នកម៉ៅការ​ធ្វើ​ផ្លូវ ចាត់វិធានការ​ជួសជុល​ផ្លូវ​ដែល​ស្រុត​ខូច​នោះទេ​។ ជាងនេះទៅទៀត​អាជ្ញាធរខេត្ត​បាត់ដំបង ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ផ្លូវ​កៅស៊ូ​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​បាត់ដំបង រង​ការស្រុត​ខូច​កាន់តែច្រើន​កន្លែង ហើយ​មាន​គ្រលុក​ធំៗ​ដក់​ទឹក​ដូច​ត្រពាំង​ទៅហើយ​។

ទាក់ទង​បញ្ហា​ខាងលើនេះ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ឈើ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ផ្លូវ​ទាំងអស់​ខាងលើ​នោះ​ជា​ផ្លូវ​ដែល​ក្រុមហ៊ុន​ទុយ​គី ជា​អ្នកដេញថ្លៃ​ធ្វើ​នាពេល​កន្លងមក ហើយ​ថា​ក្រុមហ៊ុន​ទុយ​គី តែងតែ​ទុកចោល​មិន​ជួសជុល​ផ្លូវ​ដែល​ស្រុត​ខូច​នោះឡើយ​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ទុយ​គី ទទួលខុសត្រូវ​ក្នុងការ​ជួសជុល​ផ្លូវ​ឡើងវិញ​។ ដោយហេតុថា​ច្រើន​ខែ​មកហើយ​ដែល​ផ្លូវ​កៅស៊ូ​ច្រើន​ខ្សែ​ក្នុង​ក្រុង​បាត់ដំបង រង​ការស្រុត​ខូច​ជាច្រើន​កន្លែង ហើយ​មិនឃើញ​ក្រុមហ៊ុន​ទុយ​គី ចាត់វិធានការ​ជួសជុល​ឡើងវិញ​នោះទេ ចំណែក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ផ្លូវ​កៅស៊ូ​ច្រើន​ខ្សែ​ក្នុង​ក្រុង​បាត់ដំបង រង​ការស្រុត​ខូច​ជា​បន្តបន្ទាប់​៕

66លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង Untitled-1 21