លោក ពឹង ធី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាកសិករ​

ថ្មីៗ​នេះ​ប្រជាកសិករ​នៅ​ខេត្តព្រះវិហារ បាន​សម្តែង​ការសោកស្តាយ​ថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នៅ​ខេត្តព្រះវិហារ មិនបាន​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ដូច​តួនាទី​របស់​ពួកគេ​ដែល​បាន​កំណត់ដោយ​ច្បាប់​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​គិតតែ​រឿង​បើកប្រាក់​ខែ​ពីរ​ដ្ឋ និង​រកប្រាក់​តា​មធ្យោបាយ​ផ្សេងៗ​ដោយ​គ្មាន​ខ្វល់ខ្វាយ​ពី​ទុក្ខលំបាក​របស់​កសិករ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការលំបាក​ក្នុង​វិស័យ​កសិកម្ម​ឡើយ​។​

​ជាក់ស្តែង​សព្វថ្ងៃនេះ​ដំឡូង​មី ពោត ល្ង និង​ពិសេស​នោះ​សណ្តែកខៀវ ដែល​កសិករ​នៅ​ខេត្តព្រះវិហារ ដាំ​ដុះ​និង​ប្រមូល​ផល​បាន​នោះ​គ្មាន​ទីផ្សារ​លក់​ចេញ​ឡើយ ហើយ​បើ​មាន​គឺ​លក់បាន​ក្នុង​តម្លៃថោកៗ​មិនបាន​រួច​ដើម​ថ្លៃ​ផលិត និង​ដឹកជញ្ជូន​ផង​។ ប្រជាពលរដ្ឋ​ដែល​ប្រក​របរ​កសិកម្ម​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តព្រះវិហារ បាន​អះអាងថា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ក្រោម​ការដឹកនាំ​របស់​លោក ពឹង ធី​ដា ដូចជា​គ្មាន​បាន​ដោះស្រាយ​បញ្ហា​អ្វី​ជូន​ប្រជាពលរដ្ឋ​ទាល់តែសោះ គឺ​ទុក​ឲ្យ​ពលរដ្ឋ និង​កសិករ​រស់នៅ​និង​ប្រកប​អាជីព​តាម​យថាកម្ម ហើយ​ដោយសារតែ​បញ្ហា​នេះ​ទើប​ធ្វើ​ឲ្យ​កសិករ​ត្រូវ​ក្ស័យធន និង​ធ្វើ​ចំណាកស្រុក​។​

ពាក់ព័ន្ធ​បញ្ហា​កសិកម្ម​នេះ អតីត​រាជការ​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ម្នាក់​បាន​បញ្ជាក់ថា ទឹកដី​នៃ​ខេត្តព្រះវិហារ ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្លាំង​ខាង​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​នេះ​ភាគច្រើន​ប្រកប​របរ​កសិកម្ម ។ ទន្ទឹមនឹងនេះ​ស្ថានភាព​ភូមិសាស្ត្រ និង​ដីធ្លី​នៅ​ខេត្តព្រះវិហារ​ក៏មាន​ជីវជាតិ​ល្អ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ងាយស្រួល​ក្នុង​ការងារ​បង្កបង្កើន​ផល ក៏ប៉ុន្តែ​កត្តា​ម្យ៉ាង​ដែល​នឹងធ្វើ​ឲ្យ ពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ មានការ​ខកចិត្ត​នោះ​គឺ​ទាក់ទង​នឹង​តម្លៃ​ទីផ្សារ​កសិផល និង​ការដឹកជញ្ជូន​។​

​ប្រភពព័ត៌មាន​ខាងលើ​បាន​សង្កត់ធ្ងន់ថា បើ​បន្ទោស​តែ​លើ​មន្ត្រី​ជំនាញ​នៅតាម​ខេត្ត​ក៏​ពិបាក​ដែរ ព្រោះ​វា​ទាក់ទង​នឹង​គោលនយោបាយ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ទាំងមូល​។ ប្រភព​ដដែល​បាន​បន្តថា នៅ​ប្រទេស​សៀម​ជាប់​កម្ពុជា គេ​រីកចម្រើន​ខ្លាំង​ខាង​កសិកម្ម ព្រោះ​រដ្ឋាភិបាល​គេ​ច្បាស់លាស់​និង​រឹងមាំ ដោយ​គេ​បណ្តុះបណ្តាល​កសិករ​ឲ្យ​ចេះ​បច្ចេកទេស​កសិកម្ម ផ្តល់​ពូជ ផ្តល់ទុន ជួយប្រមូល​ផល ជួយ​រក​ទីផ្សារ ធា​រាស្ត្រ​គេ​ខ្វាត់ខ្វែង​ពេញ​ផ្ទៃ​ប្រទេស តម្លៃ​អគ្គិសនី​ក៏​ថោក​គ្រប់​ទីកន្លែង ការដឹកនាំ​ជញ្ជូន​ក៏​ល្អប្រសើរ និង​ធានា​ថ្លៃ​កសិផល​ជាដើម​។ ចំណែក​នៅ​កម្ពុជា​រដ្ឋាភិបាល​ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ជិត​៤០​ឆ្នាំ​មកនេះ​មិនទាន់មាន​គោលនយោបាយ ឬ​ការដឹកនាំ​ដូច​ប្រទេស​សៀម និង​យួន​នៅឡើយ​ទេ​៕​

23666735_1363820797097544_1548521959_n