ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ យ៉ាង​គគ្រឹកគគ្រេង​

ប្រភពពី​ពលរដ្ឋ​រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឈ្មួញ​បាន​សម្រុក​ដឹកឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កាមរី​បា​ឡែ​ន រថយន្ត​ធុន​ដ្រា និង​រថយន្ត​ស្តា​រិច ជាដើម​សរុប​ប្រមាណ​ជាង​៥០​គ្រឿង​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​ភ្នំក្រវាញ​យ៉ាង​ពេញបន្ទុក​នោះ គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​នគរបាល ឬ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​ឈ្មួញ​ខ្លះ​បាន​យកឈ្មោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​ធំៗ​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ទៅប្រើ​ប្រាស់​ដើម្បី​ការពារ​សកម្មភាព​ជំនួញ​ឈើ​ខុសច្បាប់​របស់​ពួកគេ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សកម្មជន​ព្រៃឈើ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ចូល​ស្រុក​ភ្នំក្រវាញ តាមផ្លូវ​ជាតិ​លេខ​៥៥​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ទេ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ហើយ​ចៀស​មិន​ផុតពី​សេចក្ដី​វាសនា​ស​សាបសូន្យ​នោះទេ​។ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​កា​ប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល កើតឡើង​យ៉ាង​អនាធិបតេយ្យ​បំផុត​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​បក្ខពួក​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​រថយន្ត​ច្រើន​ប្រភេទ​ប្រមាណ​ជាង​៥០​គ្រឿង​បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​យ៉ាង​រលូន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដែល​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃ​នេះឡើយ​៕

23722194_385891961831770_915811062_n 23722004_385892018498431_62937625_n 23667229_385891985165101_229170854_n