កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រង​ការគាបសង្កត់​កាន់តែខ្លាំង​

កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចាប់ពី​ចំណុច​មុខ​ធនាគារ​អេស៊ីលីដា ដល់​មាត់​ច្រកទ្វារព្រំដែន មានការ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង ដោយសារ​ទង្វើ​របស់​ស​ម​ត្ថ​កិច្ច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជាពិសេស​សមត្ថកិច្ច​គ​យ​។ ប្រភពពី​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ករណី​កកស្ទះ​ចរាចរណ៍​នោះ​កើតឡើង​ដោយសារតែ​មន្ត្រី​គយ​គាបសង្កត់​ជំរិត​យកលុយ​ពី​កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​គយ​ទាំងនោះ​មិនមែន​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ទេ គឺ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​គឃ្លើន​។

កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខ្លាំង​ផង​។ តាម​ការអះអាង​របស់​កម្មករ​អូស​រទេះ​មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មន្ត្រី​គយ​ដែល​ឈើ​ជើង​នៅ​ចំណុច​ក្បែរផ្លូវ​រថភ្លើង​ទល់មុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​ពួកគេ​តវ៉ា​មិន​ព្រម​បង់លុយ​ឲ្យ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​គយ​ពុករលួយ​នោះទេ ជាងនេះទៅទៀត​មន្ត្រី​គយ​បាន​តម្រូវ​ឲ្យ​កម្មករ​អូស​រទេះ​បង់លុយ​តាម​ការកំណត់​របស់ខ្លួន ហើយ​គ្មាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​ដែលជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​។

​រឿងអាស្រូវ​ពុករលួយ​របស់​មន្ត្រី​គយ​នៅ​ច្រក​ប៉ោយប៉ែត ក្នុងការ​គាប​យកលុយ​ពី​កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មេ​គយ​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ មិន​ចាត់វិធានការ​ទប់ស្កាត់​រឿងអាស្រូវ​ទាំង​នោះទេ​។ ហេតុនេះហើយ​ទើប​កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នាំគ្នា​តវ៉ា​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។ ដោយហេតុថា​សកម្មភាព​នៃ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​៕

photo_2016-10-10_15-04-51 លោក គុណ  ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ23722046_385892438498389_1185718774_n 23718346_385892358498397_580741778_n