មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែច្រើន​

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​ធំៗ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្លាយទៅជា​រឿង​ឥតន័យ​អ្វី​ទាំងអស់​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ធំៗ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​អាច​ប្រើប្រាស់​រថយន្ត​យី​ឌុប​ដែលមាន​ចំណុះ​រាប់សិប​តោន​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៉ុង បាន​ឲ្យ​ដឹងថា ពេល​ឃើញ​មាន​បទល្មើស​កើតឡើង​ពួកគាត់​តែងតែ​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ក៏ប៉ុន្តែ​សេចក្ដីរាយការណ៍​របស់​ពួកគាត់​មិនដែល​ទទួលបាន​លទ្ធផល​នោះទេ គឺ​បានត្រឹមតែ​ខកចិត្ត​រហូត​។ ឈ្មួញ​ទាំងនោះ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ភូមិ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

សមត្ថកិច្ច​តូចតាច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វ៉ើ​ន​សៃ​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទេនោះ គឺ​ឈ្មួញ​មិនអាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​បានឡើយ​។ ឈ្មួញ​មួយចំនួន​បាន​ខ្នងបង្អែក​ជា​មន្ត្រី​ធំៗ​នៅក្នុង​ខេត្តរតនគិរី ដូច្នេះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​របស់​ក្រុម​ឈ្មួញ​ទាំង​នោះឡើយ ព្រោះ​ខ្លាច​របូត​ស័ក្ដិ​ពីលើ​ស្មា​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ ក៏ដូចជា​បណ្ដា​ស្រុក​ដទៃទៀត​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ សូម្បីតែ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​បន្ត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង​៕

82 83