ពលរដ្ឋ​ខេត្តកំពត រិះគន់​ករណី​កំពង់ផែ​ក្រុមហ៊ុន​គ្រី​ស្តា​ល់ រ៉ា​យស៍ បន្ត​នាំចូល​ធ្យូងថ្ម​

​ប្រជាពលរដ្ឋ​ខេត្តកំពត បានបញ្ជាក់​នៅ​ចុង​សប្តាហ៍​នេះ​ថា រហូតមកដល់​ពេលនេះ​កំពង់ផែ​របស់​ក្រុមហ៊ុន​គ្រី​ស្តា​ល់​រ៉ា​យស៍​នៅ​ខេត្តកំពត នៅតែ​បន្ត​នាំចូល​ធ្យូងថ្ម​នៅឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​ត្រឹម​ឆ្លើយ​យករួចខ្លួន រាប់ទាំង​មន្ត្រី​គយ និង​មន្ត្រី​បរិស្ថាន​ជាដើម ខណៈ​ការ​នាំចូល​ធ្យូងថ្ម​នេះ​ទំនងជា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​នោះទេ តែ​ក៏​អាចជា​ការនាំ​ចូល​ដោយ​គេចពន្ធ​ផងដែរ​។​

ករណី​នាំចូល​ធ្យូងថ្ម​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​បញ្ជាក់ថា ធ្វើឡើង​តាមរយៈ​កប៉ាល់​ធំ​ចូលមក​ចត​នៅ​កណ្តាល​សមុទ្រ ហើយ​កប៉ាល់​តូចៗ​ទៅ​ទទួល​ដឹក​បន្ត​ពី​កណ្តាល​សមុទ្រ​ចូលមកក្នុង​កំពង់ផែ​ខេត្តកំពត​ដោយមាន​សន្តិសុខ​យាម​តឹងរ៉ឹង​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សកម្មភាព​ខាងលើនេះ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូល​មើល​បានឡើយ សូម្បីតែ​អ្នកសារព័ត៌មាន ហើយ​បរិមាណ​នាំចូល​ត្រូវគេ​ដឹងថា​រាប់រយ​រាប់ពាន់​តោន​ក្នុង​មួយខែៗ​។ ដូច្នេះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គប្បី​ស្រាយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ការរិះគន់​ពី​ប្រជាពលរដ្ឋ ព្រោះ​ការនាំ​ចូល​ធ្យូងថ្ម​នេះ​មាន​បរិមាណ​ច្រើន និង​មានតម្លៃ​មិនតិច​សែន​ដុល្លារ​ឡើយ​។​

គួរ​បញ្ជាក់ថា​កំពង់ផែ​ក្រុមហ៊ុន​គ្រី​ស្តា​ល់ រ៉ា​យស៍ នៅ​ខេត្តកំពត​ជាគោលការណ៍​បង្កើតឡើង​សម្រាប់​នាំ​អង្ករ​កម្ពុជា​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ​។ ដូច្នេះ​ការដឹកនាំ​ធ្យូងថ្ម​ចូល​តាម​កំពង់ផែ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពត រិះគន់​ជា​បន្ត​បន្ទាប់ពី​ផលប៉ះពាល់​បរិស្ថាន និង​បទល្មើស​សេដ្ឋកិច្ច​តាមរយៈ​ការមិន​បង់ពន្ធ​ជូន​រដ្ឋ​ដែល​អាជ្ញាធរ​ខេត្តកំពត​មិនទាន់​ដោះស្រាយ​ដោយ​តម្លាភាព​នៅឡើយ​ទេ​។​

មន្ត្រី​បរិស្ថាន មន្ត្រី​គយ និង​តំណាង​ក្រុមហ៊ុន ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ឆ្លើយ​យករួចខ្លួន​ជា​បន្តបន្ទាប់ ខណៈ​សកម្មភាព​នាំចូល​ធ្យូងថ្ម​ខាងលើនេះ​បាន​កើតឡើង​ច្រើន​ខែ​មកហើយ​។ មន្ត្រីរាជការ​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត បាន​បង្ហើប​ថា​ការ​នាំចូល​ធ្យូងថ្ម​ខាងលើនេះ​ទំនងជា​យកទៅ​ប្រើប្រាស់​ក្នុង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​តាម​ពល​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះសីហនុ តែ​បញ្ហា​ត្រង់​ថា​ការ​នាំចូល​ស្របតាម​បទដ្ឋាន​បច្ចេកទេស ឬ​មាន​បង់ពន្ធ​ជូន​រដ្ឋ​ឬ​អត់​នោះ មន្ត្រីរាជការ​ដដែល​នោះ​បញ្ជាក់ថា​លោក​មិន​បានដឹង​ច្បាស់​ឡើយ ហើយ​ថា​អាជ្ញាធរ​ខេត្តកំពត គប្បី​ដោះស្រាយ​បញ្ហា​ខាងលើ ព្រោះ​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​យូរ​មកហើយ​៕​

23721948_1364659897013634_1920297084_n