បទល្មើស​ឆ្លងដែន​ក្នុង​ខេត្តឧត្ដរមានជ័យ នៅតែ​កើតឡើង​យ៉ាង​រាលដាល​

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា​បទល្មើស​ឆ្លងដែន​ជាពិសេស​ការនាំ​ចូល​រថ​យន្ត​ចង្កូត​ស្ដាំ ការ​នាំចូល​ម៉ូតូ​គេចពន្ធ និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​តាម​ច្រករបៀង​ជាច្រើន​កន្លែង​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ មានន័យថា​បទបញ្ជារ​បស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក្នុង​ការបិទ​ច្រករបៀង​ទាំងអស់​ក្នុង​ខេត្តបន្ទាយមានជ័យ មិនត្រូវ​បាន​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​អភិបាលខេត្ត​បន្ទាយមានជ័យ អនុវត្តន៍​តាម​ឡើយ​។ ផ្ទុយទៅវិញ​ច្រករបៀង​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក និង​ក្រុង​ប៉ោយប៉ែត នៅតែ​ត្រូវ​ឈ្មួញ​ប្រើប្រាស់​សម្រាប់​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ ម៉ូតូ​ទំនើបៗ​គេចពន្ធ ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង​ដដែល​។ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់​អំពី​ភាព​អសកម្ម​ក្នុងការ​បង្ក្រាប​បទល្មើស​ឆ្លងដែន​តាម​តួនាទី​របស់ខ្លួន​។

ថ្មីៗ​នេះ​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​ថ្មីៗ​នេះ​មាន​រថយន្ត​ម៉ាក​ហ្វ​ត ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ស ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ត្រូវបាន​គេ​បើកបរ​យ៉ាង​លឿន​ចេញពី​ច្រករបៀង​ម្ដុំ​ចំការ​គ ស្រុក​ស្វាយចេក ឆ្ពោះ​មក​ឃុំ​អូរ​បី​ជាន់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​សមត្ថកិច្ច​គយ​ចល័ត​ស្ទាក់​តាមផ្លូវ អ្នកបើករថយន្ត​នោះ​ក៏​បត់​ក្បាល​រថយន្ត​ទៅតាម​ផ្លូវ​ក្រួស​ក្រហម​ចេញពី​ស្រុក​ស្វាយចេក ទៅ​ស្រុក​ថ្មពួក តំបន់​បឹង​ត្រកួន ស្រុក​ស្វាយចេក ហើយក៏​ភ្លាត់ស្នៀត​ធ្លាក់​ប្រឡាយ​ទៅមុខ​លែងរួច ចំណែក​អ្នកបើកប​រថយន្ត​គេចខ្លួនបាត់​។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កើតហេតុ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បញ្ជា​ឲ្យ​បញ្ជូន​រថយន្ត​នោះ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ភ្លាមៗ​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក អាត់ ខែម បាន​បញ្ជា​ឲ្យ​កូនចៅ​ជំនិត​ម្នាក់​ឈ្មោះ ណាក់ យក​រថយន្ត​នោះ​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ យ៉ាង​ស្ងៀមស្ងាត់​ដោយ​មិនដឹងថា​យក​ទៅណា​នោះទេ​។ ប្រការនេះ​នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា​សង្ស័យ​យ៉ាងខ្លាំង​ពី​រឿង​សាច់ញាតិ​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជាប់​ពាក់ព័ន្ធ​ករណី​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ខុសច្បាប់​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ព្រោះ​បច្ចុប្បន្ន​ច្រករបៀង​ជាច្រើន​កន្លែង​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

23758376_386672375087062_1109919367_nលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
23756227_386672405087059_8998568_n