ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​លើទឹក​ដី​សៀម​ត្រូវបាន​សមត្ថកិច្ច​សៀម​ចាប់ខ្លួន​ជា​បន្តបន្ទាប់​

​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ​សមត្ថកិច្ច​សៀម​បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​ទាក់ទង​ទៅនឹង​បទល្មើស​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​សមត្ថកិច្ច​ខ្មែរ​តាម​តំបន់​ព្រំដែន​ត្រូវបាន​គេ​រិះគន់ថា ជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​គ្រញូង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនជាតិ​សៀម​ម្នាក់​និង​ជនជាតិខ្មែរ​១៥​នាក់​ត្រូវបាន​សមត្ថកិច្ច​សៀម​ចាប់ខ្លួន​នៅក្នុង​ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ខេត្ត​ស្រះកែវ ពេលដែល​ពួកគេ​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា ឈ្មួញ​ឈើ​គ្រញូង​ក្នុងស្រុក​ខ្មែរ​នៅតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ពួកគេ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខ្មែរ​មិន​វែកមុខ​មេខ្លោង​ជួញដូរ​ឈើ​គ្រញូង​យកទៅ​ដាក់ទោស​តាមច្បាប់​ឡើយ​។

យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​សៀម​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា វេលា​ម៉ោង​៧​ព្រឹក​កម្លាំងចម្រុះ​ដែលមាន​ទាហាន​ឈុតខ្មៅ តម្រួត​និង​មន្ត្រី​អនុរក្ស​តំបន់​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ព្រមទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សៀម​ប្រមាណ​ជាង​៣០​នាក់ បានធ្វើការ​ឡោមព័ទ្ធ​ចំណុច​ដែលមាន​បទល្មើស​លួច​កាប់​ឈើ​គ្រញូង​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ចម្រុះ​សៀម​ឃាត់ខ្លួន​មនុស្ស​សរុប​១៦​នាក់​ក្នុងនោះ​មាន​ជនជាតិ​សៀម​ម្នាក់ ជនជាតិខ្មែរ​១៥​នាក់ ដកហូត​ឈើ​គ្រញូង​ចំនួន​៤៣​កំណាត់ កាំភ្លើង​កែច្នៃ​ចំនួន​៦​ដើម និង​កញ្ឆា​មួយចំនួន​ទៀតផង​។ ការបង្ក្រាប​បទល្មើស​កា​ប់​ឈើ​គ្រញូង​នោះ​ធ្វើឡើង​នៅ​ចំណុច​ម៉ៃ​សិរី​ចំប៉ា ឃុំ​ណង​ម៉ាក​ហ្វា​យ ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ខេត្ត​ស្រះកែវ ប្រទេស​សៀម​។

ប្រភពពី​សមត្ថកិច្ច​សៀម​បានបញ្ជាក់​ទៀតថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ជាក់ស្ដែង​នោះ​ត្រូវ​បញ្ជូនទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ដើម្បី​សាក​សួររក​មេខ្លោង​និង​ចាត់វិធានការ​តាមច្បាប់​។ ជុំវិញ​បញ្ហា​នេះដែរ​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា ឈ្មួញ​ឈើ​គ្រញូង​មួយចំនួន​នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​តាម​តំបន់​ព្រំដែន​នៃ​ទឹកដី​ខ្មែរ​ជាប់​ជាមួយ​ខេត្ត​ស្រះកែវ ខេត្ត​សុរិន្ទ ខេត្ត​ស៊ីសាកេត និង​ខេត្ត​អ៊ូ​ប៊ុន ហើយ​ឈ្មួញ​មួយចំនួន​ជាម​ន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ទៀតផង​។ ថ្មីៗ​នេះ​សមត្ថកិច្ច​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ចាប់ខ្លួន​ឈ្មួញ​ជនជាតិ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ាញ ដែល​ល្បី​ខាង​ជួញដូរ​ឈើ​គ្រញូង​ក្នុង​ខេត្តឧត្ដរមានជ័យ ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​។ ចំណែក​ឈ្មួញ​ខ្មៅ​ជាច្រើន​នាក់​ដែល​អ្នកខ្លះ​ជា​មន្ត្រី​យោធា មន្ត្រីនគរបាល ដែលមាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​នោះ គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​តុលាការ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​៕

23772441_386672455087054_1247608802_n 23782030_386672528420380_652001020_n 23758379_386672511753715_161717196_n