មានការ​រិះគន់ថា​ករ​ណី​បង្ក្រាប​ឈ្មួញ​ឈើ​គ្រញូង​ជនជាតិ​យួន​ឈ្មោះ យាយ​ម៉ា​យ គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​

នៅក្នុង​ខេត្តឧត្ដរមានជ័យ មាន​ឈ្មួញ​ឈើ​គ្រញូង​ជា​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​ជាច្រើន​នាក់ បន្តធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​និង​ដឹកជញ្ជូន​ឈើ​គ្រញូង​យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​ទើបតែ​បង្ក្រាប​មួយ​ករណី​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ទៅលើ​ឈ្មួញ​ជនជាតិ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ដោយមាន​ការចូលរួម​ពី​មន្ត្រី​តុលាការ​ផងដែរ​។ ក៏ប៉ុន្តែ​ប្រតិបត្តិការ​នោះ​មិន​ត្រូវបាន​ប្រជាពលរដ្ឋ​ជឿជាក់​នោះទេ ព្រោះ​កន្លងមក​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ មិន​យកចិត្តទុកដាក់​បង្ក្រាប​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ហេតុនេះហើយ​ទើប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តឧត្ដរមានជ័យ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ជាពិសេស​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ក្រុង​សំរោង ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង​។

ក្នុងពេល​បង្ក្រាប​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ កាលពី​រសៀល​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​រឹបអូស​បាន​រថយន្ត​ចំនួន​៣​គ្រឿង ឈើ​គ្រញូង​៣១៧​ដុំ​ស្មើនឹង​១២៥៥​គីឡូក្រាម ហើយ​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ឈ្មួញ​ជនជាតិខ្មែរ​ឈ្មោះ មករា និង​ឈ្មួញ​ជា​មន្ត្រីនគរបាល មន្ត្រី​យោធា ដែល​ល្បីល្បាញ​ខាង​ជួញដូរ​ឈើ​គ្រញូង​នៅ​ក្រុង​សំរោង ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ មិនទាន់​ឃើញ​សមត្ថកិច្ច​ចាត់វិធានការ​នៅឡើយ​ទេ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​ឈ្មោះ ឆាយ ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តឧត្ដរមានជ័យ មិនឃើញ​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា ករណី​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ នៅក្នុង​ភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​ហើយ​អាច​ជាការ​បំភ័យ​ឈ្មួញ​ដទៃទៀត​ឲ្យ​យល់​អំពី​ការបែងចែក​ផលប្រយោជន៍​ជាមួយ​សមត្ថកិច្ច​ផងដែរ​។ មានការ​វាយតម្លៃថា​មិនយូរ​ទេ​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ នឹង​រួចខ្លួន​ហើយ​បន្តសកម្មភាព​ជួញដូរ​ឈើ​គ្រញូង​យ៉ាង​ក្រអឺតក្រទម​ដូច​មុន​ដដែល ព្រោះ​កន្លងមក​សមត្ថកិច្ច​និង​មន្ត្រី​តុលាការ​ធ្លាប់​បង្ក្រាប​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ តែ​មិនបាន​ប៉ុន្មាន​ខែ​ផង​យាយ​ម៉ា​យ​រួចខ្លួន​ហើយ​ទៅ​ប្រក​បរបរ​ជួញដូរ​ឈើ​គ្រញូង​នៅក្នុង​ខេត្តឧត្ដរមានជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​សមត្ថកិច្ច​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​និង​មន្ត្រី​តុលាការ​ក្នុង​ខេត្តឧត្ដរមានជ័យ ព្រោះ​យាយ​ម៉ា​យ មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​រត់ការ​ដោះស្រាយ ហេតុនេះ​យាយ​ម៉ា​យ ប្រាកដជា​ជាប់គុក​មិនបាន​យូរ​ឡើយ​៕

23758068_386672575087042_1832318447_n 23756234_386672691753697_643996081_n 23758132_386672655087034_264117631_n