ល្បែងស៊ីសង​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​មុខកំពូល សមត្ថកិច្ច​មូលដ្ឋាន​មិន​ទប់ស្កាត់​

ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​ផ្សារ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ ក៏ដូចជា​នគរបាល​ស្រុក​មុខកំពូល មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ឥឡូវនេះ​សូម្បីតែ​ល្បែង​បញ្ជល់មាន់​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ពី​ប្រទេស​សៀម​ក៏​ក្លាយជា​ល្បែងស៊ីសង​ពេញនិយម​នៅក្នុង​ស្រុក​មុខកំពូល​ដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ផ្សារ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​ករណី​ចាត់​ភ្នាល់​បញ្ជល់មាន់​តាម​ទូរទស្សន៍​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ពី​ប៉ុស្ដិ៍​ទូរទស្សន៍​ប្រទេស​សៀម កំពុង​ក្លាយជា​ល្បែង​ពេញនិយម​កាន់តែខ្លាំង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកភូមិ​មួយចំនួន​កំពុង​ឈ្លក់​វង្វេង​នឹង​ការលេង​ល្បែង​នេះ​នៅតាម​តៀម​កាហ្វេ ហើយ​មាន​ដាក់​ភ្នាល់​ចាប់ពី​១​ម៉ឺន​រៀល ២​ម៉ឺន​រៀល ឬ​ច្រើនជាង​នេះ​ដែល​អ្នកលេង​ភ្លេច​បាយ ភ្លេច​ទឹក ភ្លេច​ការងារ​។ ល្បែង​បញ្ជល់មាន់​ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​មិន​ខុសពី​ចាក់​ប្រដាល់​នោះទេ ហើយ​តាម​តៀម​កាហ្វេ​តំបន់​ផ្សារ​ព្រែក​អញ្ចាញ មាន​អតិថិជន​កាន់តែច្រើន​ចូលរួម​លេងល្បែង​ភ្នាល់​បញ្ជល់មាន់​តា​ម​ទូរទស្សន៍​។

​បន្ទាប់ពី​ល្បែងស៊ីសង​ច្រើន​ប្រភេទ​រាលដាល​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​ផ្សារ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​កាន់តែច្រើន ហើយក៏​មាន​អ្នក​ចាញ់ល្បែង​អស់​លុយកាក់​ទ្រព្យសម្បត្តិ​ផងដែរ​។ ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្សារ​ព្រែក​អញ្ចាញ បាន​ឲ្យ​ដឹងថា មិន​ត្រឹមតែ​អ្នកភូមិ​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​ទេ ដែល​ឆ្លក់​វង្វេង​ចាក់​ល្បែង​បញ្ជល់មាន់​ដែល​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍​ប្រទេស​សៀម គឺ​មន្ត្រីរាជការ​និង​សមត្ថកិច្ច​ក្នុងស្រុក​មុខកំពូល​មួយចំនួន​ក៏​ចូលរួម​លេងល្បែង​នេះដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងស្រុក​មុខកំពូល ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​៕

fn-2017-06-24-08-26-29-0លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល​