មន្ត្រី​យោធា​២​នាក់​បើក​ស្វៀ​ន​បញ្ជល់​មាន់នៅ​ស្រុក​ស្នួល ខេត្តក្រចេះ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ដែល​គ្រប់គ្រង​ដោយ​យោធា​វរ​ការពារ​ព្រំដែន​២០៤ កំពុង​កើតមាន​សង្វៀន​បញ្ជល់មាន់​២​កន្លែង​ដំណើរការ​យ៉ាង​រលូន ហើយ​ក៏មាន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​០៦​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ពួកគេ​មិន​ហ៊ាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះទេ ព្រោះ​អ្នកបើក​ល្បែងស៊ីសង​សុទ្ធតែជា​មន្ត្រី​យោធា​។ ក្នុងនោះ​លោក ហ៊​ត ប៊ុន​គីម មេបញ្ជាការ​យោធា​គ​៣​ចំណុះ​វរ​ការពារ​ព្រំដែន​លេខ​២០០៤ បើក​សង្វៀន​បញ្ជល់មាន់​និង​បាញ់អាប៉ោង​១​កន្លែង ចំណែក​ឈ្មោះ ជា ណាក់ បញ្ជា​ការរង​គ​៣ បាន​បើក​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ដែរ​នៅ​ចំណុច​ទល់មុខ​បន្ទាយ​គ​៣ ប្រហែល​១០០០​ម៉ែត្រ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ក្រញូង​សែន​ជ័យ ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​សង្វៀន​បញ្ជល់មាន់រ​ប​ស់លោក ហ៊​ត ប៊ុន​គីម និង​លោក ជា ណាក់ ដែលមាន​ល្បែង​អាប៉ោង​ផង​នោះ កំពុងដំណើរការ​យ៉ាង​រលូន​ហើយ​មាន​អ្នក​ចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង​។ រហូតមកដល់​ពេលនេះ​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល ខេត្តក្រចេះ និង​លោក ចាន់ សុ​គីម អធិការនគរបាល​ស្រុក​ស្នួល មិនទាន់​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​របស់​លោក ហ៊​ត ប៊ុន​គីម និង​លោក ជា ណាក់ នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​សង្ស័យថា​អភិបាលស្រុក​ស្នួល និង​អធិការនគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​អ្នកបើក​ល្បែងស៊ីសង​ទើប​បណ្ដោយ​ឲ្យ​ល្បែង​បញ្ជល់មាន់​និង​អាប៉ោង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​ភូមិ​ក្រញូង​សែន​ជ័យ​។

​សូម​បញ្ជាក់ដែរថា​កន្ល​ង​មក​ចែ​វី ដែលជា​ប្រពន្ធ​របស់លោក ហ៊​ត ប៊ុន​គីម មេបញ្ជាការ​យោធា​គ​៣ ចំណុះ​វរ​ការពារ​ព្រំដែន​លេខ​២០៤ គឺជា​ឈ្មួញ​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​០៦ ក្នុងភូមិ​ក្រញូង​សែន​ជ័យ​។ ប៉ុន្តែ​ឥឡូវនេះ​ចែ​វី មិន​ដឹកជញ្ជូន​ឈើ​ដូច​មុន​ទៀត​ទេ ហើយ​ទុក​ឲ្យ​កូនប្រុស​ឈ្មោះ ទី ជា​អ្នករត់​ការដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ចំណែក​ចែ​វី អង្គុយ​ដក​តុង​ពី​ល្បែង​បញ្ជល់មាន់​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ជាងនេះទៅទៀត​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្តក្រចេះ​ផងដែរ ព្រោះ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​ស្នួល ថា​អ្នកបើក​ល្បែង​ទាំងនោះ​សុទ្ធតែជា​មន្ត្រី​ប្រដាប់អាវុធ​៕

army-hourt-bun-kim-204-1 a-kok-b1 21442915_1929703190601575_1682229664_n-500x326 a-kok-b