មេ​ឈ្មួញ តុ​ប វី​ដា កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​

ប្រភពពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​ភូមិ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឧកញ៉ា តុ​ប វី​ដា ដែលជា​ឧត្ដមសេនីយ៍​យោធា និង​ជា​មេបញ្ជាការរង​យោធភូមិភាគ​១​កំពុង​ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ការពារ ព្រៃ​អភិរក្ស​ក្នុងស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មេ​ឈ្មួញ តុ​ប វី​ដា បាន​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​កាប់​ឈើ​នៅក្នុង​ព្រៃ​ការពារ ព្រៃ​អភិរក្ស ហើយ​ដឹកជញ្ជូន​មក​លក់​ឲ្យ​ឈ្មួញ​នៅក្នុង​ទីតាំង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​។ បន្ទាប់មក​មេ​ឈ្មួញ តុ​ប វី​ដា បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​ដឹកឈើ​ចេញ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទប់ស្កាត់​ឡើយ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​អាជ្ញាប័ណ្ណ​របស់​មេ​ឈ្មួញ តុ​ប វី​ដា នៅសល់​រយៈពេល​២​ខែ​ទៀត​ដូច្នេះហើយ​ទើប​ឈ្មួញ​រូបនេះ​ចំណាយលុយ​យ៉ាងច្រើន​ក្នុង​ការប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​នៅ​ជុំវិញ​ទីតាំង​ដី​សម្បទាន​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ហើយ​អូស​យកមក​លក់​ឲ្យ​ឈ្មួញ​។ នៅពេល​ប្រមូល​ទិញ​ឈើ​បាន​ច្រើន​មេ​ឈ្មួញ តុ​ប វី​ដា អារច្រៀក​ឈើ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ខ្នាត​ធំៗ​ចេញទៅ​ស្រុក​យួន​៥​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​ការជួយ​សម្រប​សម្រួល​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​ខាងក្រៅ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​មេ​ឈ្មួញ តុ​ប វី​ដា នៅតែ​បំពាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ បានដឹង​យ៉ាងច្បាស់​ករណី​មេ​ឈ្មួញ តុ​ប វី​ដា កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​។ ប៉ុន្តែ​ប្រហែល​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​លោក ស្វាយ សំ​អ៊ាង ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម​និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បណ្ដោយ​ឲ្យ​មេ​ឈ្មួញ តុ​ប វី​ដា ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា និង​ជា​មេបញ្ជាការរង​យោធភូមិភាគ​១​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេបញ្ជាការ​យោធា​ភូមិភាគ​១ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងការពារជាតិ​មួយចំនួន​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​មេ​ឈ្មួញ តុ​ប វី​ដា ហេតុនេះហើយ​ទើប​ឈ្មួញ​រូបនេះ​ហ៊ាន​បន្តសកម្មភាព​កាប់​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​៕

84 IMG_1356 vlcsnap-error083