ការព្រមាន​របស់​ធនា​គារ​ពិភពលោក​អំពី​ហានិភ័យ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨ ស្របតាម​ស្ថានភាព​ជាក់ស្ដែង​

​បើទោះបីជា​រដ្ឋាភិបាល​ក​ម្ពុ​ជា​តែងតែ​អះអាង​ពី​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​ពលរដ្ឋ​ខ្មែរ​រាប់សែន​រាប់លាន​នាក់​នៅតែ​បន្តធ្វើ​ចំណាកស្រុក​ចេញទៅ​រក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ដើម្បី​បាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​។ ទន្ទឹមនឹងនេះ​កម្មករ កម្មការិនី ក្នុង​វិស័យ​កាត់ដេរ ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត ព្រមទាំង​វិស័យ​សំណង់​ផងដែរ​នៅតែមាន​កម្រិត​ទាប​មិនអាច​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន​សម​រម្យ​នៅឡើយ​ទេ​។ បើតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា​ប្រចាំឆមាស​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ព្រមាន​ថា​ភាពមិនប្រាកដប្រជា​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ និង​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់ ជាពិសេស​នៅក្នុង​ប្រទេស​ចិន​អាច​បង្ក​នូវ​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។

​នៅក្នុង​របាយការណ៍រ​បស់​ធនាគារពិភពលោក​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា បានបញ្ជាក់​ទៀតថា​ដោយសារតែ​កំណើន​នៃ​ការនាំចេញ​ស្បែកជើង គ្រឿង​ម៉ាស៊ីន​អា​គ្គិ​ស​នី បរិក្ខារ និង​គ្រឿងបន្លាស់​យានយន្ត បាន​ជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​រក្សាបាន​នូវ​ភាពរឹងមាំ​តែមាន​ការថយចុះ​មក​នៅ​ត្រឹម​៦,៨​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​អាត្រា​៧​ភាគរយ​។ របាយការណ៍​បានបង្ហាញ​ទៀតថា ការនាំចេញ​សម្លៀកបំពាក់​និង​ផលិតផល​វាយ​ន​ភណ្ឌ​ដទៃទៀត​មាន​បរិមាណ​មធ្យម ក៏ប៉ុន្តែ​ទស្សនវិស័យ​រយៈពេល​ម​ធ្យ​ម​នៅតែមាន​ជា​វិជ្ជមាន​ដោយសារតែ​កំណើន​លើ​ការនាំចេញ​ទំនិញ​ច្រើន​ប្រភេទ​និង​លំហូរ​ចូល​ល្អ​នៃ​វិនិយោគទុន​ពី​បរទេស​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិការ​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា ចាំបាច់​កម្ពុជា​ត្រូវធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ បន្ថែមទៀត​ដែល​ជួយ​ដោះស្រាយ​ចំពោះ​ថ្លៃ​ចំណាយ​ខ្ពស់​ទៅលើ​អគ្គិសនី​និង​ភស្ដុភារ ព្រមទាំង​គម្លាត​នៃ​ជំនាញ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​បង្កើន​វិនិយោគ​និង​ការពង្រីក​ការនាំចេញ​ច្រើន​ប្រភេទ​បន្ថែមទៀត​។

ធនាគារពិភពលោក​បាន​មើលឃើញ​ផលប៉ះពាល់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ថា រដ្ឋាភិបាល​ត្រូវ​ផ្ដល់នូវ​ការគាំទ្រ​បន្ថែមទៀត​ដល់​កសិករ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​តម្លៃ​កសិផល​ធ្លាក់ចុះ ខណៈ​កំណើន​ក្នុង​វិស័យ​សំណង់​មានការ​ធ្លាក់ចុះ ហើយ​សន្ទុះ​កំណើន​ឥណទាន​ក្នុងស្រុក​ក៏​ស្រុតចុះ​បន្តិច​ផងដែរ​។ ការចេញផ្សាយ​របាយការណ៍​របស់​ធនាគារពិភពលោក បាន​ធ្វើឡើង​មួយថ្ងៃ​ក្រោយពេល​ប្រទេស​ស៊ុយអែត ប្រកាស​ជា​ផ្លូវការ​ផ្ដាច់ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ហើយ​សភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ក៏​កំពុង​ថ្លឹងថ្លែង​អំពី​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​រដ្ឋា​ភិ​បា​កម្ពុជា​ដែលមាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ផងដែរ​។ ហេតុនេះហើយ​ទើប​អ្នក​តាម​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​កម្ពុជា​បាន​វាយតម្លៃថា របាយការណ៍​របស់​ធ​នាគារ​ពិភពលោក ស្របទៅតាម​ស្ថាប័ន​ជាក់ស្ដែង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​៕

cambogia-lavoratrici-hrw-e1444148609970 100