ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​រលូន​

ក្នុងខណៈដែល​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ចាត់វិធានការ​តឹងតែង​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា នាពេល​ថ្មីៗ​នេះ​គឺ​នៅ​ស្រុក​ពេ​ជ្រា​ដា ឯណោះ​វិញ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​យ៉ាង​អនាធិបតេយ្យ ជាពិសេស​នៅពេល​យប់​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ច្រក​ណាំ​លៀ បាន​ឲ្យ​ដឹងថា រយៈ​៥​ថ្ងៃ​កន្លងទៅនេះ​គឺ​ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ និង​រថយន្ត​ផ្សេងៗ​ទៀត​ពី​៣០​ទៅ​៤០​គ្រឿង​។ មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ឈើ​ដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​រយៈពេល​ប៉ុន្មាន​យប់​កន្លងទៅនេះ គឺជា​ឈើ​ដែល​គេ​ប្រមូល​ទិញ​នៅ​តំបន់​ក្រង​តេះ និង​តំបន់​ចំការកៅស៊ូ​បារាំង​។ ជាងនេះទៅទៀត​មាន​ឈ្មួញ​មួយចំនួន​បាន​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស ព្រៃ​ការពារ និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ហើយ​ពួកគេ​ប្រមូល​ទិញ​ឈើ​ទាំងនោះ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរជើង​នៅ​ខេត្តមណ្ឌលគិរី ក៏​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ​នោះដែរ​។

សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ថ្មីៗ​កន្លងទៅនេះ​មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី និង​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានចេញ​បទបញ្ជា​ឲ្យ​កូនចៅ​ចុះ​ត្រួត​ពិនិត្យមើល​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ជាពិសេស​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ជួន​ការ​គ្រាន់តែ​១​យប់​សោះ​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​និង​រថយន្ត​ផ្សេងៗ​ទៀត​ពី​៣០​ទៅ​៤០​គ្រឿង​យ៉ាង​រលូន​។ ប្រការនេះ​បង្ហាញ​យ៉ាងច្បាស់​ថា​វិធានការ​របស់លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គឺជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

1លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរី
2017_10_28_10_37_49_1 IMG-20171030-WA0001-1024x768images