ឈ្មួញ​ធំៗ​នាំចូល​គោក្របី​មាន់​ទានិ​ង​ទំនិញគេចពន្ធ​តាម​ច្រក​អូរ​បី​ជាន់​យ៉ាង​ពេញបន្ទុក​

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​តូចតាច​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ជាច្រើន​កន្លែង​ទៀត​នៅតែ​កើតមាន​បទល្មើស​ឆ្លងដែន​យ៉ាង​ពេញបន្ទុក​។ មានការ​រិះគន់ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គ្មាន​លទ្ធភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​នោះទេ​។ ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​ជ្រូក គោ ក្របី និង​មាន់​ទា​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ក្នុង​មួយថ្ងៃៗ​រាប់សិប​រថយន្ត ហើយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។

សមត្ថកិច្ច​តូចតាច​នៅ​ច្រក​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​គោក្របី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​អូរ​បី​ជាន់​យ៉ាង​ពេញបន្ទុក​សព្វថ្ងៃនេះ ធ្វើឡើង​ដោយ​បក្ខ​ពួកលោក​ផ្កាយ​៤ សួស អង្គា​រ៍ ដែលជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​។ ដោយសារតែ​ឥទ្ធិពល​នៃ​អំណាច​របស់លោក សួស អង្គា​រ៍ ទើប​សមត្ថកិច្ច​តូចតាច​នៅ​ច្រក​អូរ​បី​ជាន់ មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​ដែល​នាំចូល​គោក្របី​ជ្រូក​មាន់​ទា​យ៉ាង​អនាធិបតេយ្យ​នោះឡើយ​។ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​ពេទ្យសត្វ មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​ចាត់វិធានការ​ទៅលើ​ឈ្មួញ​ដែល​សម្រុក​នាំចូល​សត្វ​ច្រើន​ប្រភេទ​តាម​ច្រក​អូរ​បី​ជាន់​នោះទេ​។

​មន្ត្រី​អាជ្ញាធរ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ឈ្មួញ​សម្រុក​នាំចូល​គោក្របី​និង​មាន់​តាម​ច្រក​អូរ​បី​ជាន់ មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​និង​ច្រើនជាង​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ច្រក​ទ្វេភាគី​ឬ​ច្រក​តំបន់​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​តូចធំ​ដឹក​ជ្រូក មាន់ គោ ក្របី ចូល​តាម​ច្រក​អូរ​បី​ជាន់ មិនតិចជាង​៤៥​គ្រឿង​ឡើយ ហើយ​ក្នុងចំណោម​រថយន្ត​៤៥​គ្រឿង​នោះ​គឺមាន​តែ​១​គ្រឿង​ទៅ​២​គ្រឿង​ប៉ុណ្ណោះ​ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ក្រៅពីនេះ​គឺ​ឈ្មួញ​នាំចូល​ដោយ​ខុសច្បាប់​ដោយមាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ដែល​គិតគូរ​តែ​រឿង​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ក្នុងចំណោម​សមត្ថកិច្ច​ដែល​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​នាំចូល​គោក្របី​ជ្រូក​មាន់​តាម​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺ​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​គឺជា​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងជាងគេ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ទាំង​រថយន្ត​ដឹក​មាន់​មានច្បាប់​អនុញ្ញាត​ឬ​គ្មាន​ច្បាប់​អនុញ្ញាត​គឺ​លោក ហ៊ុយ ទូច តម្រូវ​ឲ្យ​បង់លុយ​ក្នុង​១​រថយន្ត​១០០​ដុល្លារ​ដោយ​មិនអាច​តវ៉ា​បានឡើយ​។ ទន្ទឹមនឹងនេះ​មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​សត្វ​គោក្របី​ជ្រូក​មាន់​ទា​ពី​ស្រុក​សៀម តាម​ច្រក​អូរ​បី​ជាន់​ដែរ ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ និង​គយ​ចល័ត​ជាដើម​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា គ្មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ស្របទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​នោះឡើយ​៕

851418992_82021_11757983976325547518 លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យថស-3-2-768x1024 ថស-5-2-768x10241