មន្ត្រី​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ព្រៃឈើ​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មេឃុំ​ស្ដៅ ឈ្មោះ សួយ ប៊ុន​ធួ​យ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ឃុំ​ស្ដៅ យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក សួន ប៊ុន​ធួ​យ មេឃុំ​ស្ដៅ មកពី​គណបក្សកាន់អំណាច គឺជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​ស្ដៅ​យ៉ាង​គឃ្លើន​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្ដៅ ស្រុក​សេសា​ន បាន​រិះគន់ថា​លោក សួន ប៊ុន​ធួ​យ គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ចោទប្រកាន់​ពួកគាត់​ដែលជា​អ្នកការពារ​ព្រៃឈើ​ថា​ជា​ក្រុម​បដិវត្តន៍​ពណ៌​យ៉ាង​កំរោល​។

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​លោក សួន ប៊ុន​ធួ​យ មេឃុំ​ស្ដៅ បាន​ចោទប្រកាន់​ប្រជា​សហគមន៍​៤០​នាក់​ដែល​ប្រមូលផ្ដុំ​គ្នា​ឃាត់​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ផ្ដួលរំលំ​រដ្ឋាភិបាល​។ ការចោទប្រកាន់​យ៉ាង​ងងើល​របស់លោក សួន ប៊ុន​ធួ​យ មេឃុំ​ស្ដៅ បាន​កើតឡើង​ក្រោយពី​ប្រជា​សហគមន៍​៤០​នាក់​នាំគ្នា​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​៣​គ្រឿង ហើយ​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្តន៍​តាមច្បាប់​កាលពី​ចុងខែ​វិច្ឆិកា ហើយ​រថយន្ត​ដឹកឈើ​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ​។ ការដែល​លោក សួន ប៊ុន​ធួ​យ មេឃុំ​ស្ដៅ ចោទប្រកាន់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​គឺជា​ភស្ដុតាង​បង្ហាញថា​មេឃុំ​រូបនេះ​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​ក្នុង​ឃុំ​ស្ដៅ យ៉ាង​ក្រអឺតក្រទម​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​រឿងរ៉ាវ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៧ ប្រជា​សហគមន៍​ឃុំ​ស្ដៅ ស្រុក​សេសា​ន ប្រមាណ​៤០​នាក់​បាននាំគ្នា​ឃាត់​រថយន្ត​ដឹកឈើ​៣​គ្រឿង ប្រគល់​ទៅ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាមច្បាប់​។ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​សេ​សាន បាន​ដោះលែង​រថយន្ត​ដឹកឈើ​ទាំង​៣​គ្រឿង​នោះ​វិញ​ដោយសារតែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ហើយ​មេឃុំ​ស្ដៅ គឺ​លោក សួន ប៊ុន​ធួ​យ បែរជា​ចោទប្រកាន់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​ថា​ជា​ក្រុម​បដិវត្តន៍​ពណ៌​ផ្ដួលរំលំ​រដ្ឋាភិបាល​។ ទង្វើ​របស់លោក សួន ប៊ុន​ធួ​យ មេឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ដោយហេតុថា​លោក សួន ប៊ុន​ធួ​យ ជា​មេខ្លោង​ក្នុងការ​បំផ្លាញ​ព្រៃឈើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​បែរជា​ចោទប្រកាន់​អ្នកការពារ​ព្រៃឈើ​យ៉ាង​ងងើល​ទៅវិញ​៕

25437061_396305964123703_1072160401_n 25395155_396305977457035_1911892274_n