លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​បក្ខពួក​ជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ ហេតុនេះហើយ​ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នាពេល​បច្ចុប្បន្ននេះ​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ប៉ាន់ មរកត និង​មន្ត្រីក្រោមឱវាទ​មួយ​ក្ដាប់​តូច ហើយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងបរិស្ថាន​មួយចំនួន ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ មាន​សភាព​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

​បើតាម​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​បរិស្ថាន ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ អ៊ី​ឡេង ប្រធាន​ក្រុម​ល្បាត​ពិសេស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ដែល​ត្រូវជា​មិត្តភក្ដិ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​គគ្រឹកគគ្រេង​។ ប្រការនេះ​ជា​រឿង​ដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ប្រាក់ អ៊ី​ឡេង និង​លោក ប៉ាន់ មរកត ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ កើតឡើង​យ៉ាង​ពេញបន្ទុក​តទៅទៀត​។​

សេចក្ដីរាយការណ៍​ពី​ឈ្មួញ​តូចធំ​មួយចំនួន​បាន​ឲ្យ​ដឹងថា អ្នក​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ប្រាក់ អ៊ី​ឡេង ប្រធាន​ក្រុម​ល្បាត​ពិសេស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​។ នៅពេល​បង់លុយ​ឲ្យ​លោក ប្រាក់ អ៊ី​ឡេង តាម​ការកំណត់​រួចហើយនោះ គឺ​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ចូលទៅ​ក្រុង​ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ យ៉ាង​រលូន​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​ពេញបន្ទុក​នោះ គឺ​លោក ប្រាក់ អ៊ី​ឡេង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ​យកទៅ​ចែកគ្នា​ជាមួយ​លោក ប៉ាន់ មរកត ហើយ​មួយផ្នែក​នៃ​លុយ​នោះ​ត្រូវ​បែងចែក​ទៅ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ទៀតផង​។​

​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ដឹកឈើ​តាម​គោយន្ត​ឬ​រថយន្ត​ច្នៃ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ត្រូវ​បង់លុយ​២​កន្លែង​គឺ​ទី​១-​នៅ​ស្នាក់​ការរង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​មុន​ពេលចេញ​ផុតពី​ព្រៃ គឺ​បង់​ឲ្យ​លោក ប្រាក់ អ៊ី​ឡេង តែម្តង​ដោយ​ក្នុង​១​រថយន្ត​កែច្នៃ​ត្រូវ​បង់​៦០​ម៉ឺន​រៀល​ឬ​១៥០​ដុល្លារ​។ កន្លែង​ទី​២-​គឺ​ផុតពី​ស្នាក់​ការរង​ត្រូវ​បង់​ឲ្យ​លោក ប្រាក់ អ៊ី​ឡេង ម្តងទៀត​ក្នុង​១​រថយន្ត​កែច្នៃ​៨០​ម៉ឺន​រៀល​ឬ​២០០​ដុល្លារ ហើយ​ប្រសិនបើ​អ្នកណា​ចង់​គេចវេះ​មិន​បង់លុយ​ទេនោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​កែច្នៃ​រាប់សិប​គ្រឿង​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដូច្នេះ​លោក ប្រាក់ អ៊ី​ឡេង ប្រមូល​លុយ​បាន​មិនតិច​ឡើយ ហើយ​មានការ​បែងចែក​ទៅ​ថ្នាក់លើ​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះ​លោក សាយ សំ​អាល់ គួរពិនិត្យមើល​ភាព​អសកម្ម​នឹង​អំពើពុករលួយ​របស់​ម​ន្ត្រី​បរិស្ថាន​ក្នុង​ខេត្តពោធិ៍សាត់​ជាបន្ទាន់ ក្នុងខណៈដែល​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់កំ​ពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​៕

tt-1-500x288 លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់download 1-13 bb-1