បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​

ក្នុង​មួយថ្ងៃៗ​សមត្ថកិច្ច​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ករណី​និង​ឃាត់ខ្លួន​ជនសង្ស័យ​រាប់សិប​នាក់​យកទៅ​ចាត់វិធានការ​តាមច្បាប់​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​គ្រឿងញៀន​ហាក់ដូចជា​គ្មាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ ហើយ​ផលប៉ះពាល់​ពីបទ​ល្មើស​គ្រឿងញៀន​មាន​សភាព​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​។

​កាលពី​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​រួមជាមួយ​គ្រឿងញៀន​ប្រភេទ​(WY) ចំនួន​១១៩១២​គ្រាប់​ដែល​ជនជាតិ​ឡាវ​រូបនោះ​នាំ​ពី​ទឹកដី​ឡាវ​ចូល​ខេត្តស្ទឹងត្រែង​។ ការបង្ក្រាប​នោះ​ធ្វើឡើង​នៅ​ចំណុច​ស្ពាន​ទី​២​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ហើយ​ជនជាតិ​ឡាវ​រូបនោះ​មានឈ្មោះ ថាវ ចឺ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរ​បរជាកសិករ រស់នៅ​ភូមិ​មឿង​ម៉ឺន ឃុំ​នួន​ហៃ ស្រុក​មឿង​ម៉ឺន ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។ ប្រភពពី​មន្ត្រី​អាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា នៅពេល​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​នោះ​សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ ហើយ​ក្នុង​មួយកញ្ចប់​មាន​៦​ដុំ​និង​៦០​កញ្ចប់​តូច​ស្មើនឹង​១១៩១២​គ្រាប់​។​

ប្រភពពី​មន្ត្រី​អាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ជនជាតិ​ឡាវ​ឈ្មោះ ថាវ ចឺ​យ បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​គេ​ជួល​ខ្លួន​ឲ្យ​នាំ​គ្រឿងញៀន​ឆ្លងដែន​ពី​ទឹកដី​ឡាវ​ចូល​ទឹកដី​ខ្មែរ​។ ទាក់ទង​នឹង​ការបង្ក្រាប​ជនជាតិ​ឡាវ​នាំចូល​គ្រឿងញៀន​មក​ក្នុង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផល​ពិបាក​ដោយសារ​គ្រឿងញៀន​។ ដោយហេតុថា​បច្ចុប្បន្ន​ប​ទ​ល្មើស​គ្រឿងញៀន​កំពុង​បំផ្លាញ​សង្គម​កម្ពុជា​យ៉ាងគំហុក ជាពិសេស​បំផ្លាញ​ធនធានមនុស្ស​កាន់តែច្រើន​ឡើងៗ​។ ដូច្នេះ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គឺជា​បញ្ហា​សំខាន់បំផុត​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ក៏ដូចជា​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​៕

25437114_396669147420718_679709275_n 25395571_396669240754042_1311586068_n 25436197_396669184087381_1088850557_n