ពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវគោរពនិងអនុវត្តន៍បទចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពនៅលើដងផ្លូវ

ឥឡូវនេះសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ បានចាត់វិធានការដោយយកចិត្តទុកដាក់ចំពោះបញ្ហាអនុវត្តន៍ច្បាប់ចរាចរណ៍ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប្រកបដោយប្រសិទ្ធភាពផងដែរ។ នៅពេលដែលសមត្ថកិច្ចចាប់ផ្ដើមអនុវត្តន៍ច្បាប់ចរាចរណ៍ គឺជាពេលវេលាមួយដែលប្រជាពលរដ្ឋទូទៅត្រូវគិតគួរឡើងវិញអំពីការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានៅពេលបើកបររថយន្តម៉ូតូនិងយានយន្តផ្សេងៗទៀតនៅលើដងផ្លូវ។ ដោយហេតុថាបញ្ហាអនុវត្តន៍ច្បាប់ចរាចរណ៍គឺជាកត្តាសំខាន់បំផុតដើម្បីសុវត្ថិភាពនៅលើដងផ្លូវ ហើយប្រសិនបើពលរដ្ឋខ្មែរទូទាំងប្រទេសគិតគូរពីរឿងអនុវត្តន៍ច្បាប់ចរាចរណ៍ទាំងអស់គ្នានោះគឺគ្រោះថ្នាក់ចរាចរណ៍មិនកើតឡើងយ៉ាងពេញបន្ទុកគួរឲ្យភ័យខ្លាចដូចសព្វថ្ងៃនេះឡើយ។

ប៉ុន្មានថ្ងៃកន្លងទៅនេះសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ បានកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ ដូចជាចាប់ផាកពិន័យទៅលើអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនបំពាក់កញ្ចក់មើលក្រោយ គ្មានស្លាកលេខនិងបើកបរបញ្ច្រាសទិស មិនគោរពសិទ្ធិអាទិភាពជាដើម។ បញ្ហានេះកំពុងធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនចាប់ផ្ដើមគិតគូរពីរឿងគោរពច្បាប់ចរាចរណ៍និងអនុវត្តន៍ច្បាប់ចរាចរណ៍ ដើម្បីអាចចៀសផុតពីចំណាត់ការរបស់សមត្ថកិច្ចក៏ដូចជាការពារអាយុជីវិតរបស់ខ្លួន។ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមិនបំពាក់កញ្ចក់មើលក្រោយនិងបើកបរបញ្ច្រាសទិសដៅ ត្រូវបានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ដោយពុំមានការយោគយល់នោះទេ ហើយម៉ូតូរាប់ពាន់គ្រឿងត្រូវបានសមត្ថកិច្ចចាប់យកទៅពិន័យតាមច្បាប់ជាធរមាន។ នៅពេលដែលសមត្ថកិច្ចអនុវត្តន៍ច្បាប់ចរាចរណ៍គឺប្រជាពលរដ្ឋទូទៅ មិនគួរមានសេចក្ដីខឹងសម្បាទៅលើសមត្ថកិច្ចនោះទេហើយគួរពិនិត្យកំហុសខ្លួនឯងដែលមិនគោរពច្បាប់ចរាចរណ៍និងត្រូវកែប្រែឥរិយាបថរបស់ខ្លួនជាបន្ទាន់។

គួរកត់សម្គាល់ដែរថា ការដែលសមត្ថកិច្ចកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ គឺដោយសារកន្លងមកគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហុក ហើយអ្នកដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាពត្រូវស្លាប់បាត់បង់ជីវិតឬរងរបួសធ្ងន់នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ដូច្នេះការពាក់មួកសុវត្ថិភាពពេលបើកបរនៅតាមដងផ្លូវហើយមានបំពាក់កញ្ចក់មើលក្រោយព្រមទាំងយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ថែមទៀតនោះគឺអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍បានកាន់តែច្រើន។ លើសនេះទៅទៀតនៅពេលដែលពលរដ្ឋទូទៅគោរពច្បាប់ចរាចរណ៍និងអនុវត្តន៍ច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយឈប់បើកបរយានយន្តបញ្ច្រាសទិសតទៅទៀតគឺគ្មានបញ្ហាកកស្ទះចរាចរណ៍នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញដូចសព្វថ្ងៃនេះទេ។ មិនតែប៉ុណ្ណោះអាចធ្វើឲ្យសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវធំៗក្នុងរាជធានីភ្នំពេញមានសណ្ដាប់ធា្នប់កាន់តែប្រសើរនៅពេលធ្វើដំណើរតាមដងផ្លូវ គ្មានសេចក្ដីព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ដូចសព្វថ្ងៃនេះទៀតឡើយ។

កន្លងមកតាមផ្លូវធំៗមួយចំនួនដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ២៧១ និងផ្លូវវេងស្រេង ជាដើមមានអ្នកបើកបររថយន្តនិងម៉ូតូបញ្ច្រាសទិសច្រើនជាងអ្នកបើកបរយានយន្តដែលគោរពតាមច្បាប់។ សូម្បីតែតាមផ្លូវនៅខាងមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលក៏មានអ្នកបើកបររថយន្តនិងម៉ូតូបញ្ច្រាសទិសដែរ ដោយពួកគេមិនគោរពនិងមិនអនុវត្តន៍តាមច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវឡើយ។ ដូច្នេះនៅពេលសមត្ថកិច្ចចាប់ផ្ដើមអនុវត្តន៍ច្បាប់ចរាចរណ៍នៅពេលនេះគឺជាប្រការសំខាន់បំផុតដើម្បីឲ្យអ្នកបំពានច្បាប់ចរាចរណ៍ទាំងឡាយងាកមកគិតគូរពីការគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពអាយុជីវិតខ្លួនឯងនិងអាយុជីវិតអ្នកដទៃនៅលើដងផ្លូវផងដែរ។ ទន្ទឹមនឹងនេះសមត្ថកិច្ចក្នុងរាជធានីភ្នំពេញត្រូវអនុវត្តន៍ច្បាប់ចរាចរណ៍ជាប្រចាំដើម្បីកុំឲ្យមានអ្នកបំពានច្បាប់ចរាចរណ៍នៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យដូចកាលពីមុនទៀត ហើយអ្នកប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលពិន័យតាមច្បាប់ជាធរមាន៕

26694444_1589701027790148_1491780207_n 26794299_1589701057790145_499548679_n 26694661_1589701021123482_1410448428_n