ព្រៃ​សហគមន៍​ជាំ​ម្រេច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កំពុង​រង​ការបំផ្លាញ​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​តា​ឡែក​ថ្មី ភូមិ​តា​ឡែក​ចាស់ និង​ភូមិ​អ​ណ្ដា ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​ជាំ​ម្រេច​នៅក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​ត្រូវគេ​ទន្ទ្រាន​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​និង​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ផ្ដិតមេដៃ​លើ​ពាក្យបណ្ដឹង​ដើម្បី​ប្ដឹង​ប្រធាន​សហគមន៍​ជាំ​ម្រេច ព្រមទាំង​ប្រធានភូមិ​២​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លក់​ដីព្រៃ​សហគមន៍​យកលុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​លក់​ព្រៃ​សហគមន៍​ជាំ​ម្រេច​តទៅទៀត ព្រោះ​ព្រៃ​សហគមន៍​នេះ​ជា​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​៣​ភូមិ​។

អ្នក​ដែល​ត្រូវ​ពលរដ្ឋ​ផ្ដិតមេដៃ​ប្ដឹងទៅ​មន្ត្រី​អាជ្ញាធរ​នោះ គឺ​លោក សោម សុ​ភ័​ក្រ ប្រធាន​សគម​ន៍​ជាំ​ម្រេច លោក ហេង សារឿន និង​លោក ហម ហាន ដែលជា​ប្រធានភូមិ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​លក់​ដីព្រៃ​សហគមន៍​។ បុគ្គល​ទាំង​៣​នាក់​នេះ​ត្រូវ​ប្រជាពលរដ្ឋ​៣​ភូមិ​ដូចខាងលើ​រិះគន់ថា កំពុង​បំផ្លាញ​ផលប្រយោជន៍​អ្នកភូមិ ហើយ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​បំផុត​។ បច្ចុប្បន្ន​ដីព្រៃ​សហគមន៍​ជាំ​ម្រេច​ត្រូវបាន​បុគ្គល​ទាំង​៣​នាក់​ខាងលើ​ឈូសឆាយ​យក​លក់​ឲ្យ​ឈ្មួញ​អស់​ទៅហើយ ក្នុងខណៈដែល​មន្ត្រី​អាជ្ញាធរ​ឃុំ និង​មន្ត្រី​អាជ្ញាធរ​ស្រុក រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​សាលា​វិស័យ និង​អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក​ទេនោះ គឺ​បុគ្គល​ឈ្មោះ សោម សុ​ភ័​ក្រ ឈ្មោះ ហេង សារឿន និង​ឈ្មោះ ហម ហាន មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។

​គួរ​រំលឹក​ដែរ​ថា​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​ក្នុង​ខេត្តកំពង់ធំ នាពេល​កន្លងមក​មិនឃើញ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ ជាក់ស្ដែង​ឥឡូវនេះ​ព្រៃ​សហគមន៍​ជាំ​ម្រេច ត្រូវបាន​ក្រុម​ជនខិលខូច​ឈូសឆាយ​លក់​ឲ្យ​ឈ្មួញ​អស់​ទៅហើយ តែ​មិនឃើញ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស​នោះទេ បើទោះបី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ធ្វើការ​ប្ដឹងផ្ដល់​យ៉ាងណាក៏ដោយ​។ ដូច្នេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ គួរតែ​ចាត់វិធានការ​យក​ដីស​ហគ​មន៍​ជាំ​ម្រេច មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​អ្នកប្រព្រឹត្ត​ខុសច្បាប់​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕

26754236_405893399831626_1396564784_n 26696829_405893463164953_342301564_n 26754875_405893436498289_1364645108_n 26696388_405893409831625_1660028581_n