លោក ប៉ាន់ មរកត ជា​មេខ្លោង​ធំជាងគេ​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​នេះ លើកឡើងថា​ជា​មេខ្លោង​ធំ​បំផុត​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ វាសនា ផាន់​ថា​នា ហៅ​ស្នា និង​ឈ្មួញ​ឈ្មោះ ស៊ី ស នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​ចូលមក​ខេត្តកំពង់ស្ពឺ រួច​នាំ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ​និង​ខេត្តកំពត យ៉ាង​រលូន​ព្រោះ​មានការ ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចទៅហើយ​។ សកម្មភាព​របស់​ឈ្មួញ​ទាំង​២​នាក់​នេះ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គឺ កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ ស្នា ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិនបាន​ប៉ុន្មាន​ផង​ក៏​ចេញមក​បន្ត​អាជីវកម្ម​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ​ស៊ី ស និង​ឈ្មួញ​ឈ្មោះ​ស្នា កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យ៉ាង​ពេញបន្ទុក​។ មានការ​រិះគន់​ចំៗ​ថា​ទាល់តែ​មានការ​ឃុបឃិត​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទើប​ឈ្មួញ​អាច​ចូលទៅ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យ៉ាង​ស្រួលៗ​ដូច​សព្វថ្ងៃនេះ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ​ស៊ី ស និង​ឈ្មោះ​ស្នា មិនអាច​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បានទេ​។ ជាងនេះទៅទៀត​ទាល់តែ​មានការ​ឃុបឃិត​បើក​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្អឺ ផងដែរ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ហើយ​ចេញទៅ​ស្រុក​យួន​ដោយ​សុវត្ថិភាព​។​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បានកត់សម្គាល់​ថា​ឈ្មួញ​ឈ្មោះ​ស៊ី ស និង ឈ្មោះ​ស្នា អាច​ចំណាយលុយ​យ៉ាងច្រើន​ក្នុង​មួយខែៗ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាច​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ប្រឈម​នឹង​សេចក្តី​វិនាស​ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ក្រុមមន្ត្រី​និង​សមត្ថកិច្ច​ពុករលួយ​ដែល​គិតគូរ​តែ ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ សម្រាប់​ប្រជាពលរដ្ឋ​តូចតាច​វិញ​គ្រាន់តែ​ដឹក​កូនឈើ​ឬ​ដឹកជញ្ជូន​អុស​បន្តិចបន្តួច​ត្រូវ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​ហើយ​គួរ​ចាត់​វិធាន ការ​ទៅលើ​ក្រុមមន្ត្រី​ពុករលួយ​ផងដែរ​។​

បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ជាច្រើន​នាក់​ដែល​ក្នុងនោះ​មាន​ទាំង​មន្ត្រីនគរបាល មន្ត្រី​យោធា និង​មន្ត្រី​អាវុធហត្ថ បាន​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង យ៉ាង​ពេញបន្ទុក​តែម្ដង​។ កន្លងមក​សមត្ថកិច្ច​ចម្រុះ​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​ជា​បន្តបន្ទាប់​នៅលើ​ផ្លូវជាតិ​លេខ​៥៥ ក្នុងស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែ​ការបង្ក្រាប​នោះ​ពុំមាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​អី​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដដែល​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ព្រោះ​បច្ចុប្បន្ន សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​ឈ្មួញ​ធំៗ​នៅតែ​អាច​គេចផុត ពី​វិធានការ​ផ្លូវច្បាប់​យ៉ាង​គឃ្លើន​ដដែល​៕

26696358_405894539831512_634890943_n 26753919_405894626498170_1094927639_n 26697078_405894613164838_820924023_n 26696391_405894549831511_1015929593_n