លោក គឹម ជេ​ត្ថា​វី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ជា​អ្នក​នៅ​ពីក្រោយ​សិប្ប​កែច្នៃ​ឈើ​របស់​ជនជាតិ​យួន

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា រហូតមកដល់​បច្ចុប្បន្ន​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់​របស់​ជនជាតិ​យួន​ក្នុងស្រុក​ជាំ​ក្សាន្ត ជាច្រើន​កន្លែង​នៅតែ​ដំណើរការ​យ៉ាង​រលូន​ដដែល​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត លោក គឹម ជេ​ត្ថា​វី គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ប្រហែល​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​សំណាក់​លោក គឹម ជេ​ត្ថា​វី ទើប​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ម្នាក់នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ចុងឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ជនជាតិ​យួន​ប្រមាណ​៥​ទៅ​៦​កន្លែង​ក្នុងស្រុក​ជាំ​ក្សាន្ត នៅតែ​ដំណើរការ​យ៉ាង​រលូន​ដដែល​។ ទន្ទឹមនឹងនេះ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត លោក ជ័យ រ៉េត ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ជេ​ត្ថា​វី ទើប​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​ជនជាតិ​យួន​អាច​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ជាច្រើន​កន្លែង​ក្នុងស្រុក​ជាំ​ក្សាន្ត ហើយ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​ជាំ​ក្សាន្ត នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្ដា​ឃុំ​នានា​ក្នុងស្រុក​ជាំ​ក្សាន្ត បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ជេ​ត្ថា​វី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ទេនោះ គឺ​គ្មាន​ជនជាតិ​យួន​ណា​អាច​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក គឹម ជេ​ត្ថា​វី និង​ចៅហ្វាយនាយ​ខាងលើ​ទើប​ជនជាតិ​យួន​អាច​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ខ្លះ​ផង​ព្រោះ​អី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ មិនដែល​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នោះទេ ហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​ទៅវិញ​៕

26856182_406249373129362_1967065200_nលោក គឹម ជេ​ត្ថា​វី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត 26754284_406249393129360_1127333267_n 26793621_406249383129361_710331034_n