មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ សប្បាយ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​អូរ​គ្រៀង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​តំបន់​នេះ​មិន​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង គ្រាន់តែ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​តាម​ការកំណត់ គឺជា​ការ​ស្រេច​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​តំបន់​អូរ​គ្រៀង នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។

ប្រភពពី​មន្ត្រីរាជការ​និង​ពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ទាំង​ខ្សែៗ​បាន​ឆ្លងកាត់​ក្រុង​ក្រចេះ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ ថន ប៊ុន​ធី ហៅ​ធី​បាញ់ នៅតែ​អាច​ប្រើប្រាស់​ធុន​ធំ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះឡើយ​។ ពី​តំបន់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ រហូតដល់​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​កន្លែង ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ធី​បាញ់ និង​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ធំៗ​ផ្សេងៗ​ទៀត​នោះទេ​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​ទាំង​ខ្សែៗ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ ជាពិសេស​នៅពេល​យប់​ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​ឡើយ​។ ជាក់ស្ដែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ចំណុច​អូរ​គ្រៀង គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម ហើយ​បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​មិន​បង់លុយ​តែប៉ុណ្ណោះ​។ សម្រាប់​ឈ្មួញ​ដែល​បង់លុយ​តាម​ការកំណត់ គឺអាច​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ឬ​ចូល​ខេត្តក្រចេះ ហើយ​យកទៅលក់​នៅ​ព្រំដែន​យួន​យ៉ាង​រលូន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុង​ខេត្តស្ទឹងត្រែង ក៏ដូចជា​ខេត្តក្រចេះ ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​នោះទេ​។ លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​ជាប្រចាំ​ផងដែរ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​តែម្តង​៕
137 26229913_1978545839076675_5536021062283948866_n 26731467_1978545675743358_8396594741299040416_n