លោក នាង សុខុម មេ​គយ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ថ្មីៗ​នេះ​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​នៅ​ខេត្តតាកែវ មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក នាង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ជាបន្ទាន់​។ ដោយហេតុថា មួយរយៈ​កន្លងទៅនេះ​មាន​ឈ្មួញ​ដឹកទំនិញ​តាម​ទូក​ប៉ុកចាយ​ធំៗ​ចំណុះ​រាប់សិប​តោន​ពី​ស្រុក​យួន ចូល​ស្រុក​ខ្មែរ​តាម​ច្រកព្រំដែន​ទឹក ព្រែក​បាក់ដៃ ហើយ​ទំនិញ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា ជា​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​មាន​ទំនិញ​ខុសច្បាប់​ផងដែរ​។ ការដែល​លោក នាង សុខុម មេ​គយ​ច្រក​បាក់ដៃ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ត្រូវបាន​គេ​ដឹងថា មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ ដែលជា​ចៅហ្វាយនាយ​របស់ខ្លួន​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តែម្តង​។​

​បើតាម​ប្រភពពី​មន្ត្រី​នៅ​ច្រក​បាក់ដៃ​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក នាង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាក់ដៃ កំពុងតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ហើយ​លោក នាង សុខុម មិនដែល​បង្ក្រាប​បទល្មើស​ម្តងណា​ទេ​។ ក្នុង​មួយថ្ងៃៗ​មាន​ទូក​ប៉ុកចាយ​ចំណុះ​រាប់សិប​តោន​នាំចូល​ទំនិញ​តាម​ច្រក​បាក់ដៃ ហើយ​ទំនិញ​ទាំងនោះ​មានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង ម្សៅ​មី គ្រឿង​ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​ម៉ូតូ គ្រឿងសំណង់ ដែក ត្រី និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ប្រភេទ​។ ភាគច្រើន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​ត្រុ​វ​បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក នាង សុខុម យ៉ាង​រលូន​។ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មេ​គយ​ច្រក​បាក់ដៃ លោក នាង សុខុម កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​ឲ្យ​ដឹងថា សម្រាប់​ពួកគាត់​ដែល​រកស៊ី​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ​កំពុង​ប្រឈម​នឹង​ការគាបសង្កត់​ពី​សំណាក់​លោក នាង សុខុម និង​បក្ខពួក​កាន់តែខ្លាំង​ឡើងៗ​ដោយ​ពុំមាន​ការយោគយល់​នោះទេ​។ ចំណែក​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​បែរជា​មានការ​សម្របសម្រួល​ឃុបឃិត​ពី​សំណាក់​លោក នាង សុខុម និង​បក្ខពួក​យ៉ាង​រលូន​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នាង សុខុម និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក នាង សុខុម និង​បក្ខពួក​ផងដែរ ព្រោះ​មន្ត្រី​នៅ​ច្រក​បាក់ដៃ បាន​បង្ហើប​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក នាង សុខុម ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ក្រុមមន្ត្រី​ពុករលួយ​បំផ្លាញ​ជាតិ​៕

26230889_1644358912323470_2766931724044649902_n W-0701A01 WAT-0608L 26196284_1644358895656805_6203487694012326656_n