ជនជាតិ​យួន​ចូលមក​ឈូសឆាយ​ព្រៃ​លើទឹក​ដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ជនជាតិ​យួន​ចំនួន​៨​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ពាក់ព័ន្ធ​បទល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ករណី​ឃាត់ខ្លួន​ជនជាតិ​យួន​ទាំង​៨​នាក់​នោះ គឺ​មន្ត្រី​តុលាការខេត្ត​មណ្ឌលគិរី ដឹកនាំ​កម្លាំងចម្រុះ​ចុះទៅ​ឃាត់ខ្លួន​បញ្ជូនទៅ​សាកសួរ​នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បន្ទាប់មក​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​ជនជាតិ​យួន​ទាំង​៨​នាក់​នោះ​អាច​ចូលមក​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃឈើ​នៅតាម​ព្រំដែន គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ហើយ​ក្រុមហ៊ុន​ដួង​ស្រួច ក៏​អាចមាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ផងដែរ​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ច្រើន​ថ្ងៃ​មកហើយ​ដែល​ជនជាតិ​យួន​ជាច្រើន​នាក់​ប្រើ​គ្រឿងចក្រ​ធំៗ​ចំនួន​៣​គ្រឿង​ចូលមក​ឈូសឆាយ​ដីព្រៃ​និង​កាប់រំលំ​ដើមឈើ​រាប់ពាន់​ដើម​គរ​ទុក​នៅក្នុង​ព្រៃ​អូរ​ផ្លា​យ ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា គឺ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​យួន​ទាំង​នោះបាន​ប្រើប្រាស់​គ្រឿងចក្រ​ដែលមាន​បិទ​ស្លាក​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ ហើយ​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​គំនរ​ឈើ​ធំៗ​៧​កន្លែង​មាន​ឈើ​ប្រមាណ​ជិត​១០០០​ដើម​ដែល​គេ​កាត់​គល់​កាត់​ចុង​ពង្រាយ​នៅក្នុង​ព្រៃ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា ការដែល​ក្រុមហ៊ុន​ដួង​ស្រួច ជួល​ជនជាតិ​យួន​ឲ្យ​ចូលមក​កាប់​ឈើ​និង​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ គឺជា​ការបំផ្លាញ​ធនធានធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​យ៉ាង​មហន្តរាយ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​រាលដាល​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា សកម្មភាព​របស់​ក្រុមហ៊ុន​ដួង​ស្រួច ក្នុង​ការជួល​ជនជាតិ​យួន​ឲ្យ​ចូលមក​កាប់​ឈើ​និង​ប្រើប្រាស់​គ្រឿងចក្រ​បំផ្លាញ​ព្រៃឈើ​យ៉ាង​កំរោល មិនមែនជា​ការប្រមូល​ផល អនុផល​ព្រៃឈើ​តាមច្បាប់​ដែល​បានកំណត់​នោះទេ​។ ផ្ទុយទៅវិញ​ក្រុមហ៊ុន​ដួង​ស្រួច កំពុង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ព្រៃឈើ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ដូច្នេះ​ពេលដែល​តុលាការខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ទៅលើ​ជនជាតិ​យួន​៨​នាក់ ដែល​ចូលមក​កាប់​ឈើ​និង​ឈូសឆាយ​ដីព្រៃ​ក្នុង​ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា គឺ​តុលា​ការគួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នោះ​ផងដែរ​។ ដោយហេតុថា មួយរយៈ​កន្លងទៅនេះ​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​ឃុំក្រង​តេះ និង​ឃុំ​ស្រែ​អំពូ​ម យ៉ាង​ពេញបន្ទុក​ហើយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ប្រព្រឹត្ត​នោះទេ​៕

26793670_406961053058194_36935635_n ថ-5-4-768x576 ថ-1-19-768x432 26855872_406961036391529_1622801361_n