មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​

សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​អុស ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​អុស ចេញពី​ស្រុក​សន្ទុក ចូលទៅ​ផ្លូវបែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុង​មួយថ្ងៃៗ​មាន​យ៉ាងតិច​ពី​២០​ទៅ​៣០​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​លោក សែ ដែលជា​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា ស្រុក​សន្ទុក មិន​ចាត់វិធានការ​បង្ក្រាប​នោះឡើយ ហើយ​រក្សាទុក​បទល្មើស​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​អុស​ឆ្លងកាត់​ស្រុក​សន្ទុក ពុំមាន​ការថយចុះ​នោះទេ​ព្រោះ​លោក សែ មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយា កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ការដែល​លោក សែ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ប្រហែល​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សន្ទុក និង​ពី​សំណាក់​លោក តិ​ប ញាតា ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ផងដែរ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​ក្រសួងកសិកម្ម គួរពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​បទល្មើស​កើតឡើង​បន្តទៀត​។

ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​អុស ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​សន្ទុក ខេត្តកំពង់ធំ ចូលទៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា កន្លងមក​លោក សែ តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ក្នុង​មួយ​ជើង​ត្រឹម​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ឥឡូវ​គេ​តម្រូវ​ឲ្យ​ពួកគាត់​បង់​ដល់​ទៅ​៤០០​ដុល្លារ​ក្នុង​មួយខែ​។ ប្រការនេះ​ធ្វើ​ឲ្យ​លោក សែ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពីបទ​ល្មើស​ព្រៃឈើ ព្រោះ​លោក សែ ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​មកហើយ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​សន្ទុក ខេត្តកំពង់ធំ ចូលទៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែ​កើតឡើង​យ៉ាង​រាលដាល ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តកំពង់ធំ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

26855642_406961499724816_1617397553_n 26855915_406961456391487_1326917292_n 26804115_406961549724811_1274634353_n 26856994_406961606391472_797492835_n