ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​មួយចំនួន​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១០​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​តា​ឡាស់ ឆ្លងកាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ហើយ​បន្តដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ចូល​ក្រុង​ស្ទឹងត្រែង​យ៉ាង​ពេញបន្ទុក​។ មួយផ្នែក​នៃ​ឈើ​នោះ​ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ហើយ​មួយផ្នែក​ទៀត​ទៅ​ឈ្មួញ​ដឹកជញ្ជូន​ចូលមក​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល យ៉ាង​រលូន​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ខ្លះ​បាន​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​សុខ​ស្រួល​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​តា​ឡាស់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ពី​១០​ទៅ​២០​គ្រឿង​ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ចូលមក​ខេត្តក្រចេះ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​បណ្ដោយ​ឲ្យ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តរតនគិរី ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។ ជាក់ស្ដែង​ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ចូលដល់​ក្រុង​ស្ទឹងត្រែង ហើយ​ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្តរតនគិរី គឺមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឈរជើង​ក្នុង​ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ខ្លាំង​ជាង​មុន​ទៅទៀត​៕

141 138 139 140