ឈ្មួញ​ឈ្មោះ ស្រេង ម៉េង កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​

​សកម្មភាព​របស់​ឈ្មួញ​ធំៗ​ក្នុងការ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ និង​ឈ្មួញ​ជាច្រើន​នាក់​ទៀត​គ្មាន​ញញើត​ក្នុង​ការបំពានច្បាប់​ឡើយ​។ ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ក្នុងចំណោម​ឈ្មួញ​ធំៗ​ដែល​បង្កើន​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី គឺ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ អាច​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​ចេញពី​ស្រុក​កោះ​ញែក ទៅ​ស្រុក​យួន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​គ្នា​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា កាលពី​ព្រលប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨ ឈ្មួញ​ឈ្មោះ ស្រេង ម៉េង បាន​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធុន​ធំ​ចំណុះ​ប្រមាណ​៤០​ម៉ែត្រគូប​ចេញពី​ស្រុក​កោះ​ញែក ទៅ​ស្រុក​យួន​យ៉ាង​រលូន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក មន្ត្រី​បរិស្ថាន​ក្នុងស្រុក​កោះ​ញែក មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះហើយ​ទើប​ពួកគេ​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត បើទោះបី​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង កំពុង​បំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​ក៏ដោយ​។​

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នៃ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង បានដាក់​កម្លាំង​របស់​ខ្លួន​ឲ្យ​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អ​ន្ទ្រ​ង​ជាដើម ហើយ​ប្រមូល​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។ សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ប្រឈម​នឹង​សេចក្ដី​វិនាស​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ព្រោះ​ឈ្មួញ​ឈ្មោះ សឹង សំអុល និង​ឈ្មួញ​ឈ្មោះ តុ​ប វី​ដា ក៏​កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក​ដែរ​។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង និង​ឈ្មួញ​ដទៃទៀត​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំងនោះ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​តែម្តង​៕

26696742_405892579831708_1741608628_n 26220217_152971595480680_2987982666561783639_n 26694700_405892513165048_401112019_nឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ