មន្ត្រី​អាជ្ញាធរ​ស្រុកស្រែ​អំបិល ឃុបឃិត​ឲ្យ​អ្នកស្រី ស្រ៊ុន សុខ​នី​តា ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ងងើល​

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​ចោទប្រកាន់ថា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង គឺជា​អ្នក​ឃុបឃិត​ឲ្យ​អ្នកស្រី ស្រ៊ុន សុខ​នី​តា ដែលជា​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​មួយកន្លែង​ក្នុងភូមិ​សារាយ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារតែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ទើប​អ្នកស្រី ស្រ៊ុន សុខ​នី​តា អាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យក​ធ្វើជា​ស្រះ​ចិញ្ចឹម​ក្ដាម ចិញ្ចឹម​បង្គារ បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន​។ ហេតុនេះ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង គួរ​ពិនិត្យឡើងវិញ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ផងដែរ​។

​តាម​ការអះអាង​របស់​ពលរដ្ឋ​ក្នុងភូមិ​សារាយ បាន​ឲ្យ​ដឹងថា អ្នកស្រី ស្រ៊ុន សុខ​នី​តា ដែលជា​អ្នកមាន​លុយ អ្នកមានអំណាច ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​ជ្រោយ​ស្វាយ លោក ប៊ុន រេ និង​ពី​សំណាក់​អភិបាលស្រុក​ស្រែអំបិល ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ប្រើ​គ្រឿងចក្រ​កាយ​ដីព្រៃ​លិច​ទឹកលុប​ប្រឡាយ​ព្រៃកោងកាង​ប្រមាណ​៩​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពីពេល​ថ្មីៗ​នេះ​លោក អ៊​ន វីរៈ អភិបាលរង​ខេត្តកោះកុង បាន​ទៅ​ពិនិត្យមើល​និង​ឃាត់​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក បំផ្លាញ​ព្រៃកោងកាង របស់​អ្នកស្រី ស្រ៊ុន សុខ​នី​តា ផងដែរ​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​អាជ្ញាធរ​ខេត្តកោះកុង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​អ្នកស្រី ស្រ៊ុន សុខ​នី​តា នោះទេ​ហើយ​លោក អ៊​ន វីរៈ ថែមទាំង​និយាយ​ការពារ​សកម្មភាព​រប​ស់​អ្នកស្រី ស្រ៊ុន សុខ​នី​តា ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​លើកឡើងថា ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្នកស្រី ស្រ៊ុន សុខ​នី​តា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត រហូតដល់​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​អស់​៩​ហិកតា​រួចទៅហើយ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​បញ្ហា​នេះ​ផង​ព្រោះ​សេចក្ដីរាយការណ៍​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ទើប​អ្នកស្រី ស្រ៊ុន សុខ​នី​តា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រោយ​ស្វាយ បាន​ឲ្យ​ដឹង​ទៀតថា ព្រៃកោងកាង​លិច​ទឹក​ដែល​អ្នកស្រី ស្រ៊ុន សុខ​នី​តា ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ ធ្វើ​ស្រះ​ចិញ្ចឹម​ក្ដាម ចិញ្ចឹម​បង្គារ​នោះ គឺជា​ព្រៃ​ធម្មជាតិ​ដែល​ពួកគាត់​ខំ​ការពារ​ជា​យូរ​មកហើយ​នោះ​។ ឥឡូវនេះ​ស្រាប់តែ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បណ្ដោយ​ឲ្យ​អ្នកស្រី ស្រ៊ុន សុខ​នី​តា ទន្ទ្រាន​កាន់កាប់​យ៉ាង​កំរោល ហើយ​លោក អ៊​ន វីរៈ អភិបាលរង​ខេត្តកោះកុង ដែល​ចុះទៅ​មើល​ដល់​កន្លែងកើតហេតុ​ផ្ទាល់ បែរជា​និយាយ​ការពារ​ទង្វើ​របស់​អ្នកស្រី ស្រ៊ុន សុខ​នី​តា យ៉ាង​ក្រអឺតក្រទម​ទៅវិញ​៕

26857236_1593523317407919_1484948172_n 26856165_1593523314074586_1537153402_n 26855669_1593523280741256_146865614_n