ករណី​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុងស្រុក​បុរី​ជលសា ខេត្តតាកែវ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ជនជាតិ​យួន​បាន​ចូលមក​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​របស់​ខ្មែរ​ឲ្យ​វិនាស​សាបសូន្យ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ គឺជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។ ទន្ទឹមនឹងនេះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ទំនង​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ក្នុងស្រុក​អង្គរបុរី ផងដែរ​ទើប​បណ្ដោយ​ឲ្យ​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ និង​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​បុរី​ជលសា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ គឺជា​អ្នក​ចាត់តាំង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​សហការ​ជាមួយ​មេខ្យល់​ជនជាតិ​យួន​ឈ្មោះ ង្វៀង ចាន់​ត្រាយ ក្នុងការ​ប្រមូល​ជនជាតិ​យួន​ឲ្យ​ចូលមក​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​ដែនទឹក​ខ្មែរ​តាម​ព្រំដែន​ក្នុងស្រុក​អង្គរបុរី យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹងថា ទូក​កន្ទុយ​កណ្ដុរ របស់​ជនជាតិ​យួន​ដែល​ចូលមក​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ ត្រូវ​បង់លុយ​ឲ្យ​លោក អ៊ឹម ផាត នាយផ្នែក​រដ្ឋបាល​ជល​ផល​អង្គរបុរី យ៉ាងតិច​ក្នុង​មួយ​ទូក​៧០០​ដុល្លារ ដោយ​កំណត់​ទៅតាម​ទំហំ​ទូក​។ ហេតុនេះហើយ​ទើប​មាន​ជនជាតិ​យួន​ចូលមក​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​ក្នុង​មួយថ្ងៃៗ​រាប់សិប​ទូក ហើយ​មាន​ដាក់​របាំង​ស្បៃ​មុង​ប្រវែង​បណ្ដោយ​រាប់ពាន់​ម៉ែត្រ និង​មាន​បោះបង្គោល​ដាក់​សម្រាស់​ចាប់​ត្រី​យ៉ាង​រាលដាល​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ពួកគាត់​ត្រូវបាន​លោក អ៊ឹម ផាត នាយផ្នែក​រដ្ឋបាល​ជល​ផល​អង្គរបុរី ហាមឃាត់​គំរាមកំហែង​មិន​ឲ្យ​ចូលទៅ​នេសាទ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​ដែល​រាជរដ្ឋាភិបាល​ដកហូត​ពី​ឈ្មួញ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ជា​ល្ខ​ណៈ​គ្រួសារ​នោះទេ​។ ប្រសិនបើ​ពលរដ្ឋ​ណា​ហ៊ាន​ចូលទៅ​នេសាទ​ក្នុង​តំបន់​នោះ ត្រូវ​បុគ្គល​ឈ្មោះ អ៊ឹម ផាត ដេញ​បាញ់រ​ញះ​ក្បាលទូក​និង​ចាប់​អ្នកនេសាទ​ខ្មែរ​ដាក់គុក​ច្រវាក់​យ៉ាង​កំរោល​តែម្តង​។ ករណី​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តតាកែវ បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​នៅ​ស្រុក​អង្គរបុរី ត្រូវបាន​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ដឹង​យ៉ាងច្បាស់​ហើយ​ប្រហែល​មានការ​ឃុបឃិត​បើកដៃ​ពី​លោក ឡាយ វណ្ណៈ ផងដែរ​ទើប​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ លោក សៅ កុសល ព្រមទាំង​មន្ត្រីក្រោមឱវាទ​កំពុង​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​ដែនទឹក​នៅ​ស្រុក​អង្គរបុរី យ៉ាង​អនាធិបតេយ្យ​បំផុត​៕​26994510_1782066248755616_405663174_n
អឹម-ផាត-2 ខឹម-ប៊ុនថន-1-1 សៅ-កុសល-1