នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ លោក យ៉ាន់ វិសាក់ នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​

ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក យ៉ាន់ វិសាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ នៅតែ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក យ៉ាន់ វិសាក់ ហៅ​សែ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​។ ចំណែក​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រកបដោយ​ប្រសិទ្ធភាព​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដែល​ដាក់ចេញ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ទេ​។ ​

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​ឃុំ​ពាម​បាង យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា របាំង​សាច់​អួន​ក្រឡា​ញឹក និង​ឆ្នុក​ភ្លើងពណ៌​ជាដើម​នៅតែ​អាចធ្វើ​សកម្មភាព​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​ឲ្យ​វិនាស​អន្តរាយ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ បាន​កត់សម្គាល់ថា ករណី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ គឺជា​រឿង​ដដែលៗ​ហើយ​មិនឃើញ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រហែល​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ទំនង​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ធំ យ៉ាង​សុខ​ស្រួល​ផងដែរ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​អាជ្ញាធរ​ខេត្តកំពង់ធំ និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ធំ​នោះទេ ក្នុងខណៈដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ក៏ដូចជា​នៅ​តំបន់​ព្រំប្រទល់​រវាង​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​៕

លោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ