លោក គឹម ជេ​ត្ថា​វី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ឃុបឃិត​ឲ្យ​ជនជាតិ​យួន​បើក​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​អនាធិបតេយ្យ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កន្ទួត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ធំៗ​របស់​ជនជាតិ​យួន​៥​ទៅ​៦​កន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​។ ការដែល​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ជនជាតិ​យួន​អាច​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ជេ​ត្ថា​វី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាងនេះទៅទៀត​ការដែល​លោក គឹម ជេ​ត្ថា​វី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ពី​សំណាក់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ផងដែរទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ហើយ​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ជនជាតិ​យួន​នៅតែ​ប្រមូល​ទិញ​ឈើ​យកទៅ​កែច្នៃ​តាម​អំពើ​ចិត្ត​។

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា តាមរយៈ​ការបើក​ដៃ​ឲ្យ​ជនជាតិ​យួន​បង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​ក្នុងស្រុក​ជាំ​ក្សាន្ត គឺ​លោក ជ័យ រ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត និង​លោក គឹម ជេ​ត្ថា​វី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​បន្តិចបន្តួច​ឬ​ស៊ីឈ្នួល​គេ​កែច្នៃ​ឈើ ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​តែងតែ​ប្រឈម​នឹង​ការ​រ​បង្ក្រាប​ពី​សំណាក់​លោក ជ័យ រ៉េត និង​លោក គឹម ជេ​ត្ថា​វី ចៀស​មិន​ផុត​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ គួរ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក គឹម ជេ​ត្ថា​វី ព្រមទាំង​បក្ខពួក​ជាបន្ទាន់​។

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជាំ​ក្សាន្ត នៅ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត នៅតែ​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​ជនជាតិ​យួន​ដែលជា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ច្រើន​កន្លែង​ក្នុង​ឃុំ​ជាំ​ក្សាន្ត នៅតែ​អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​យកទៅ​កែច្នៃ​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ជេ​ត្ថា​វី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត និង​លោក ជ័យ រ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ទេនោះ​គឺ​គ្មាន​ឈ្មួញ​យួន​ណា​អាច​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផងដែរ ដើម្បី​កុំ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​តទៅទៀត​៕