បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​ខេត្តកំពង់ឆ្នាំង នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​

សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ តំបន់​៣ នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានកើត​ឡើងជា​បន្តបន្ទាប់​នាពេល​កន្លងមក ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក ថ្នាក់ក្រុង ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត និង​សមត្ថកិច្ច​ចុះ​ឡោមព័ទ្ធ​ស្ទាក់ចាប់​គ្រឿងចក្រ​ប្រមាណ​ជិត​៣០​គ្រឿង​ដែល​ក្រុម​ជនល្មើស​មានបំណង​ចូលទៅ​ជីកដី​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ និង​តំបន់​៣​។ ក៏ប៉ុន្តែ​ប្រតិបត្តិការ​នោះ​មិន​ត្រូវបាន​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​នោះទេ ព្រោះ​មន្ត្រី​អាជ្ញាធរ​ដែលជា​ប់​ពាក់ព័ន្ធ​មិនត្រូវ​បាន​អភិបាលខេត្ត​វែកមុខ​ដើម្បី​ចាត់ការ​តាមច្បាប់​ឡើយ​។​

ប្រភពពី​សមត្ថកិច្ច​ចូលរួម​ក្នុងការ​ស្ទាក់ចាប់​គ្រឿងចក្រ​ជិត​៣០​គ្រឿង​កាលពី​ព្រលប់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា នៅក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ជិត​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ថ្មី​របស់​អាជ្ញាធរខេត្ត ត្រូវបាន​គេ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​យ៉ាង​មហន្តរាយ​។ ចំណែក​នៅ​តំបន់​ព្រៃ​លិច​ទឹក​តំបន់​៣​ក្នុង​បឹង​សម្រែក កំពង់​សុខ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ត្រូវគេ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កាយ​យក​អាចម៍ដី​ទៅ​បំពេញ​លើដី​លិច​ទឹក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដីព្រៃ​លិច​ទឹក​ដែល​គេ​ឈូសឆាយ​រួច​នោះ​ត្រូវបាន​ឈ្មួញ​ពោះ​ធ្វើជា​ដីឡូត៍​លក់​ក្នុងតម្លៃ​ខ្ពស់ ដោយ​ក្រុម​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មកហើយ​។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង អាចមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​ចៅសង្កាត់​ខ្សា​ម ក៏ដូចជា​អភិបាលក្រុង​កំពង់ឆ្នាំង ទំនង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​ក្រុម​ឈ្មួញ​ទើប​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា ហើយ​អង្កន់​ជា​ដីឡូត៍​លក់​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរ​វែកមុខ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​ចាត់ការ​តាមច្បាប់​ផងដែរ​។ ការដែល​លោក ឈួ​រ ច័ន្ទ​ឌឿ​ន គ្រាន់តែ​បញ្ជា​ឲ្យ​មន្ត្រី​ចម្រុះ​និង​សមត្ថកិច្ច​ចុះទៅ​ឡោមព័ទ្ធ​ស្ទាក់ចាប់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កាលពីពេល​ថ្មីៗ​នេះ គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​មន្ត្រី​អាជ្ញាធរ​ថ្នាក់​សង្កាត់ និង​ថ្នាក់ក្រុង ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បែរជា​អាច​គេច​ផុតពី​វិធានការ​ច្បាប់​យ៉ាង​ក្រអឺតក្រទម​៕