ឈ្មួញ​នៅតែ​អាច​នាំចូល​ចំណីអាហារ​ខូចគុណភាព​តាម​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក យ៉ាង​ពេញបន្ទុក​

មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​គេ​ដឹងថា​ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​ដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ គ្រឿងក្នុង​ជ្រូក និង​ប្រហិត​មាន​លាយ​សារធាតុ​គីមី​ជាដើម​។ ប្រសិន​បើក​គ្មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ដូចខាងលើ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​បានទេ ហើយ​ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ កន្លងមក​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​អូរ​រំដួល តែងតែ​ចាត់វិធានការ​បង្ក្រាប​ព​ល​រដ្ឋ​ដែល​នាំចូល​ចំណីអាហារ​ខូចគុណភាព​ត្រឹម​រាប់រយ​គីឡូក្រាម​ដើម្បី​បង្ហាញ​ស្នាដៃ​របស់ខ្លួន ចំណែក​ឈ្មួញ​ដែល​នាំចូល​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​រាប់​តោន​តែងតែ​គេច​ផុតពី​ការបង្ក្រាប​។

កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​អូរ​រំដួល សហការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រឹបអូស​និង​ដុត​បំផ្លាញចោល​សាច់មាន់​ខូចគុណភាព​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​សៀម​ទម្ងន់​ជាង​១០០​គីឡូក្រាម​។ ការដុត​បំផ្លាញ​សាច់មាន់​ខូចគុណភាព​នោះ​ធ្វើឡើង​ក្នុង​បរិវេណ​ក្បែរ​មាត់ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ហើយ​ត្រូវ​មជ្ឈដ្ឋាន​មួយចំនួន​វាយតម្លៃថា ជា​ល្បិច​របស់​មន្ត្រី​កាំកុងត្រូល​ក្នុងការ​បិទបាំង​បទល្មើស​ធំៗ​ជាច្រើន​ករណី​។ ទំនិញ​ដែល​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដុតចោល​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ នោះ​រួមមាន ជង្គង់​មាន់ ឆ្អឹង​មាន់​ជាប់សាច់​ចំនួន​៨០​គីឡូក្រាម នំ​កញ្ចប់​ខូចគុណភាព​គ្មាន​ស្លាក​សញ្ញា​សម្គាល់​ចំនួន​៣០​គីឡូក្រាម​។

ប្រភពពី​មន្ត្រី​នៅ​ច្រក​អូរ​រំដួល​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេល​អាជីវករ​ឬ​ពលរដ្ឋ​លួច​នាំចូល​ទំនិញ​ដូចខាងលើ​បន្តិចបន្តួច តែង​ត្រូវ​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ ចំណែក​ឈ្មួញ​ធំៗ​មួយចំនួន​បែរជា​អាច​នាំចូល​សាច់មាន់ សាច់ជ្រូក គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​មាន់ និង​ប្រហិត​ជាច្រើន​ប្រភេទ​ដឹកជញ្ជូន​តាម​រថយន្ត​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន ហើយ​ឈ្មួញ​ខ្លះ​នាំ​ទំនិញ​ទាំង​នោះមក​លក់​ចែកចាយ​ដល់​ផ្សារ​ទំនើបៗ​ក្នុង​រាជធានី​ភ្នំពេញ​ទៀតផង​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ឈ្មួញ​ធំៗ​អាច​នាំ​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​លាយ​សារ​ធាតុគីមី​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ ចំណែក​អាជីវករ​និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ដូចខាងលើ​បន្តិចបន្តួច​តែង​ត្រូវ​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​យក​ស្នាដៃ​យ៉ាង​ក្រអឺតក្រទម​ទៅវិញ​៕