មន្ត្រីរដ្ឋបាល​ជលផល​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ

រហូតមកដល់​ពេលនេះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន​ឲ្យ​ដឹងថា លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង និង​លោក ហុក ម៉ន់ នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង គឺ​លោក ហួន ផល និង​លោក ហុក ម៉ន់ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយក៏​មានការ​បែងចែក​ទៅ​ថ្នាក់លើ​ផងដែរ​។

តាម​ការអះអាង​របស់​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​ធ្លាប់​ឃើញ​មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ជាច្រើនលើក​ផងដែរ ប៉ុន្តែ​ការបង្ក្រាប​នោះ​ពុំមាន​ប្រសិទ្ធភាព​ទេ គឺ​គ្រាន់តែ​ធ្វើឡើង​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ជាក់ស្ដែង​លោក ហួន ផល និង​លោក ហុក ម៉ន់ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​អ្នកនេសាទ​មកពី​ភូមិ​ដូន​ស្ដើង ឃុំ​ពាម​បាង ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​រាលដាល គឺ​សូម្បីតែ​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ក៏មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ​។ លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាមចិត្ត​។

ដោយឡែក​ប្រជា​នេសាទ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មូលដ្ឋាន​ពួកគាត់​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​មិន​ចាញ់​បទល្មើស​ដែល​កើតឡើង​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ គឺជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំ​ផ្ល​ញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ សព្វថ្ងៃនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ពុំមាន​ការថយចុះ​នោះឡើយ​។ ទន្ទឹមនឹងនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ផងដែរ​ព្រោះ​លោក សុខ លូ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដែល​បាន​ដាក់ចេញ​កាលពីពេល​ថ្មីៗ​កន្លងមក​ទៅនេះ​ឡើយ​៕

លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង

លោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង