រឿង​ជនជាតិ​សៀម​ចូលមក​ទិញ​ដី​ពី​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​

ថ្មីៗ​នេះ​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលា​ក្រៅ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា មាន​ជនជាតិ​សៀម​ចូលមក​ទិញ​ដី​ពី​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​ខ្មែរ​-​សៀម ជាច្រើន​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​ស្រួលៗ​។ ការដែល​ជនជាតិ​សៀម​អាច​ចូលមក​ទិញ​ដី​ពី​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​សម្រាប់ធ្វើ​ចម្ការ​និង​ធ្វើជា​កម្មសិទ្ធិ គឺ​ដោយសារ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក មាន​ភាព​ធូររលុង​ក្នុងការ​ត្រួតពិនិត្យ​ឯកសារ​ទិញ​លក់​ដីធ្លី​ផងដែរ​។ ដូច្នេះ​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព និង​ចៀសវាង​ជឿ​តាម​របាយការណ៍​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​តែងតែ​បិទបាំង​ការពិត​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ពួកគាត់​មាន​សេចក្ដី​ព្រួយបារម្ភ​ព្រោះ​ដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ជាច្រើន​ហិកតា​កំពុង​ក្លាយជា​កម្មសិទ្ធិ​របស់​ជ​ន​ជាតិ​សៀម​ជា​បន្តបន្ទាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មាន​ជនជាតិ​សៀម​ចូលមក​ទិញ​ដី​ពី​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​គ្រួសារ នៅជាប់​ព្រំប្រទល់​ប្រទេស​សៀម ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​៥​ហិកតា​នៅ​ចំណុច​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។ ការដែល​ជនជាតិ​សៀម​អាច​ទិញ​ដី​ពី​ពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន គឺ​គេ​ប្រើ​រូបភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជា​អ្នក​ឈរឈ្មោះ​ជំនួស ហើយ​ការពិត​ជនជាតិ​សៀម​គឺជា​ម្ចាស់​កម្មសិទ្ធិ​លើដី​នោះ​។ ឥឡូវនេះ​ដី​ដែល​ជនជាតិ​សៀម​ទិញ​តាម​ព្រំដែន​ត្រូវគេ​ដាំ​ម្រេច​និង​មួយផ្នែក​ទៀត​គេ​ធ្វើ​របង​ព័ទ្ធជុំវិញ​ហើយ​ទុកចោល​តែម្តង​ដោយ​មិនទាន់​ប្រកប​របរ​កសិកម្ម​លើដី​នោះ​នៅឡើយ​ទេ​។

ទាក់ទង​ព័ត៌មាន​ខាងលើនេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ជនជាតិ​សៀម​ដែលជា​អ្នកមាន​លុយកាក់​ទ្រព្យសម្បត្តិ​ច្រើន​ពួកគេ​ចូលមក​ទិញ​ដី​ខ្មែរ​នៅតាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ហើយ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈរឈ្មោះ​ជំនួស​។ ហេតុនេះ​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ក្នុងខណៈ​ដែ​លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ កំពុង​ព្យាយាម​ដោះសា​បិទបាំង​ការពិត​ជុំវិញ​ជនជាតិ​សៀម​ចូលមក​ទិញ​ដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ធ្វើជា​កម្មសិទ្ធិ​។ បើ​បណ្ដែតបណ្ដោយ​ឲ្យ​ជនជាតិ​សៀម​នៅតែ​បន្ត​ចូលមក​ទិញ​ដី​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​តាម​តំបន់​ព្រំដែន​តទៅទៀត​នោះ គឺអាច​នាំ​ឲ្យ​មាន​បញ្ហា​ពិបាក​ដោះស្រាយ​នាពេលខាងមុខ ដូច្នេះ​ការទប់ស្កាត់​ឲ្យ​បាន​ទាន់ពេល​គឺជា​រឿង​សំខាន់បំផុត​៕

 លោក កើត សុធា អភិបាលខេត្តប៉ៃលិន