ឧកញ៉ា ជ័យ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​

ប្រភពពី​សមត្ថកិច្ច​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​ឈ្មួញ​ធំៗ​ដែល​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ គឺ​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កំពុង​បង្កើន​សកម្ម​ភាពមិន​ចាញ់​មេ​ឈ្មួញ សឹង សំអុល នោះទេ​។ ក្នុងខណៈដែល​ឧកញ៉ា ជ័យ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ប្រភេទ​វ៉េ​អង និង​រថយន្ត​យី​ឌុប​ចំណុះ​រាប់សិប​តោន គឺ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ខេត្តក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឧកញ៉ា ជ័យ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដែរ​។

ប្រភពពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ពុករលួយ​ជា​ប្រព័ន្ធ​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ឈើ​ដែល​ឧកញ៉ា ជ័យ កំពុង​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​មួយរយៈ​ចុងក្រោយ​នេះ គឺជា​ឈើ​កាប់​ចេញពី​តំបន់​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​នៅ​ខាងក្រៅ​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​។ ដោយហេតុថា បច្ចុប្បន្ន​នៅ​តំបន់​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​ឧកញ៉ា ជ័យ កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ធំៗ​ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រភពពី​ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឧកញ៉ា ជ័យ បើទោះបី​រថយន្ត​ដឹកឈើ​ទាំងនោះ​ត​ទ្រុង ត​កន្ទុយ ខុស​លក្ខណៈ​បច្ចេកទេស​ហើយ​ផ្ទុក​លើស​ទម្ងន់​រាប់សិប​តោន​ក៏ដោយ​។ សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ក៏​មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ា ជ័យ ដែល​កំពុង​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះដែរ ហើយ​ទុក​ឲ្យ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ក៏ដូចជា​ស្រុក​សៀម​ប៉ាង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​បច្ចុប្បន្ន​ឧកញ៉ា ជ័យ នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕