មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌចំការមន រង​ការរិះគន់​រឿង​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​

លោក ព្រុំ សំខាន់ អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន ត្រូវ​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ខណ្ឌចំការមន រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល ក៏ដូចជា​មិន​យកចិត្តទុកដាក់​បង្ក្រាប​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ក្នុង​ខណ្ឌចំការមន ខ្លះ​ផង​។ បើ​មិន​ដូច្នេះ​ទេ​ល្បែងស៊ីសង ក៏ដូចជា​អំពើចោរកម្ម ព្រមទាំង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទឹកដី​ខណ្ឌចំការមន រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បឹងត្របែក បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មួយកន្លែង​យីហោ​៣៦៥ តាម​បណ្ដោយ​ផ្លូវ​៤៧៤ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ត្រូវគេ​បើក​លេង​រាប់​ឆ្នាំ​មកហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ហាង​អ៊ី​ន​ធឺ​ណេ​ត​យីហោ​៣៦៥​មាន​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​ប្រភេទ ប៉ុន្តែ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បឹងត្របែក ចាត់វិធានការ​ទប់ស្កាត់​ទេ ហើយ​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បឹងត្របែក​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មូលដ្ឋាន​ពួកគាត់​បច្ចុប្បន្ន​ល្បែងស៊ីសង​ច្រើន​ប្រភេទ ក៏ដូចជា​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​នៅតែ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត​ខ្សោយ​នៅឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទំនប់ទឹក សង្កាត់​ទួល​ស្វាយព្រៃ​១ សង្កាត់​ទួល​ស្វាយព្រៃ​២ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​ហាង​អ៊ី​ន​ធឺ​ណេ​ត​ដែល​បើក​អាជីវកម្ម​២៤​ម៉ោង​លើ​២៤​ម៉ោង ភាគច្រើន​ជាទី​តាំង​បង្កប់​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការសង្ស័យថា លោក ព្រុំ សំខាន់ អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន ទំនងជា​ទទួលផល​ប្រយោជន៍​ពី​ល្បែងស៊ីសង​ទើប​មិន​ចាត់វិធានការ​បង្ក្រាប ហើយ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌចំការមន បាន​អំពាវនាវ​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ទឹកដី​ខណ្ឌចំការមន ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន គឺជា​អ្នក​ឃុបឃិត​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល ព្រោះ​អី​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ទេនោះ គឺ​ល្បែងស៊ីសង​មិន​រាលដាល​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ខណ្ឌចំការមន ដូច​សព្វថ្ងៃនេះ​ទេ​៕

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន