ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ មុខ​សាលាស្រុក​អង្គស្នួល កំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​

​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ មុខ​សាលាស្រុក​អង្គស្នួល ស្រុក​អង្គស្នួល ខេត្តកណ្ដាល កំពុង​រង​ការរិះគន់​រឿង​គាប​យកលុយ​ពី​អ្នក​ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​ដី និង​ដឹកទំនិញ​ផ្សេងៗ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។ ការដែល​ក្រុមមន្ត្រី​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ មុខ​សាលាស្រុក​អង្គស្នួល ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​អំណាច​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​បន្តទៀត​។

​ប្រភពពី​ម្ចាស់​រថយន្ត​ដឹក​ថ្ម និង​ដឹកទំនិញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ មុខ​សាលាស្រុក​អង្គស្នួល ដោយ​មិនអាច​តវ៉ា​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ពួកគាត់​ដឹក​ថ្ម​ឬ​ដឹកទំនិញ​ផ្សេងៗ​ដូចពេលមុនៗ​ក៏ដោយ ក៏​ជួនកាល​ត្រូវ​បង់​១​ម៉ឺន​រៀល​ឬ​២​ម៉ឺន​រៀល ហើយ​ពេលខ្លះ​គេ​តម្រូវ​ឲ្យ​បង់​ដល់​ទៅ​៤​ម៉ឺន​រៀល ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ថ្ម​និង​ដឹកទំនិញ​ផ្សេងៗ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង ព្រោះ​ត្រូវ​ចំណាយលុយ​ច្រើនពេក​។ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​លុបបំបាត់​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ មុខ​សាលាស្រុក​អង្គស្នួល ជាបន្ទាន់​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមអាជីវករ​រកស៊ី​ដឹកជញ្ជូន​ថ្ម ដឹក​ដី ដឹក​ខ្សាច់ និង​ដឹកទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​អង្គស្នួល បាន​លើកឡើងថា ការតម្រូវ​ឲ្យ​ពួកគាត់​បង់លុយ គឺ​គួរតែ​មានច្បាប់​កំណត់​ច្បាស់លាស់​ដើម្បី​កុំ​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ដោយសារ​ថា​សព្វថ្ងៃនេះរ​ថ​យន្ត​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់ គឺអាច​បើកបរ​ឆ្លងកាត់​ទីតាំង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ មុខ​សាលាស្រុក​អង្គស្នួល ទៅតាម​អ្វីដែល​ក្រុមមន្ត្រី​ទាំងនោះ​បានកំណត់ ហើយ​មិនដែល​ឃើញ​ក្រុមមន្ត្រី​ទាំងនោះ​ចាត់វិធានការ​ទប់ស្កាត់​រថយន្ត​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញ​លើស​ចំណុះ​រាប់សិប​តោន​នោះឡើយ​។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ការដែល​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ប្រឈម​នឹង​ការរិះគន់​កាន់តែខ្លាំង ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​គាបសង្កត់​ធ្វើបាប​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​យ៉ាង​កំរោល​តទៅទៀត​ឡើយ​៕

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល